វិស័យសំណង់មានការកើនឡើង២៣ភាគរយក្នុងមួយឆ្នាំៗ
រូបភាពដោយ Facebook Page ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
វិស័យសំណង់មានការកើនឡើងក្នុងអត្រា២៣ភាគរយក្នុងមួយឆ្នាំៗ នេះបើតាមការឲ្យដឹងពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅឯវិមានសន្តិភាព នាថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការរាយការណ៍អំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះ ឯកឧត្ដមបានឲ្យដឹងថា វិស័យសំណង់បានរីកលូតលាស់យ៉ាងខ្លាំងក្នុងអត្រាកំណើនរហូត២៣ភាគរយក្នុងមួយឆ្នាំៗ។
ក្នុងនោះដែរ ទុនវិនិយោគទៅលើវិស័យនេះក្នុងឆ្នាំ ២០១៨ កន្លងទៅនេះគឺមានរហូតដល់ទៅ ៥.៧ ពាន់លានដុល្លារអាមេរិក ហើយទុនវិនិយោគវិស័យសំណង់ត្រឹម១ខែដំបូងនៃឆ្នាំ ២០១៩ គឺបានកើនឡើងដល់ទៅ ១៧៨ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៃ២០១៨។
ជាងនេះទៀត កម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែលមានអាជ្ញាបណ្ណ ចំនួន ២ ៣០៧ ក្រុមហ៊ុន ស្ថាបត្យករប្រមាណជាង ២ ៥០០ នាក់ និងវិស្វករប្រមាណជាង ៣០ ០០០ នាក់។ អានបន្ថែម

