វិស័យសំណង់ស្រូបទុនវិនិយោគជាង ៦,៤ ពាន់លានដុល្លារត្រឹម៩ខែ
វិស័យសំណង់នៅកម្ពុជាបន្តរីកចម្រើនដែលនេះគឺឆ្លុះបញ្ចាំងដោយការកើនឡើងនៃការវិនិយោគជាង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺទទួលបានទុនវិនិយោគប្រមាណជាង៦ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាមការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយនាពេលថ្មីៗនេះ នៅចន្លោះខែមករាដល់ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ៣.៤៣៣ ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក។ តួលេខនេះ បង្ហាញពីការកើនឡើង ៣៤,៧៣ ភាគរយ បើប្រៀបធៀបទៅនឹងគម្រោងចំនួន ២.៥៤១ តម្លៃ ៤.៨ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ការកើនឡើងនៃការវិនិយោគនេះ បានធ្វើឲ្យគម្រោងដែលបានអនុម័តសរុបមានចំនួន ៤៦.៩៩១ គម្រោង តម្លៃ ៤៨,១៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១៩ ឆ្នាំ (២០០០ ដល់ ២០១៩) ។
ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ វិស័យសំណង់បានបង្កើតការងារពីចន្លោះ ១៤៧ ៤៥០ ទៅ ១៥០,០០០ កន្លែងជារៀងរាល់ថ្ងៃ ខណៈកាលពីឆ្នាំ ២០១៨ វិស័យនេះ បានផ្តល់ការងារចន្លោះពី ២០ ០០០ ទៅ ២២០ ០០០ កន្លែងជារៀងរាល់ថ្ងៃ ដែលនេះ គឺធ្លាក់ចុះប្រមាណ ៣១,៨១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ផ្អែកលើការស្ទង់ទិន្នន័យផ្ទាល់ទៅតាមការដ្ឋានដោយមន្រ្តីរបស់ក្រសួង កម្មករសំណង់ដែលគ្មានជំនាញរកប្រាក់ចំណូលបានចន្លោះពី ៣០ ០០០ ទៅ ៤០ ០០០ រៀល ក្នុងមួយថ្ងៃ ខណៈកម្មករជំនាញរកប្រាក់ចំណូលបានចន្លោះពី ៤០ ០០០ទៅ ៦០ ០០០ រៀល។ សម្រាប់វិស្វករស្ថាបត្យករ និងកម្មករជំនាញផ្សេងទៀត គឺអាចរកប្រាក់ចំណូលបានចន្លោះពី ៤០០ ទៅ ២៥០០ ដុល្លារក្នុងមួយខែ។

