វៀតណាមចង់ជំរុញកោះត្រល់ឱ្យក្លាយតំបន់ទេសចរណ៍ល្បី ឈ្នះកោះភូកេតនិងកោះបាលី

រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម កាលពីថ្មីៗនេះ បានបង្ហាញមហិច្ឆតាថា នឹងអភិវឌ្ឍកោះត្រល់បន្ថែមទៀតរហូតអាចយកឈ្នះតំបន់ទេសចរណ៍បែបឆ្នេរសមុទ្រល្បីៗក្នុងតំបន់ ដូចជាកោះភូកេតនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ដូនេស៊ីឱ្យបាននាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុន។

កោះត្រល់គ្រាន់តែជាកោះតូចមួយល្បីរឿងការផលិតទឹកត្រីមុនឆ្នាំ ២០១៣ ប៉ុន្តែដោយមើលឃើញសក្ដានុពល រដ្ឋាភិបាលវៀតណាមបានសម្រេចឱ្យឯកជនចូលមកប្ដូរមុខមាត់កោះនេះឱ្យទៅជាឋានសួគ៌នៃប្រទេស។

ចាប់ពីពេលនោះ មកទល់បច្ចុប្បន្ន ទឹកប្រាក់យ៉ាងហោច ១៦ ពាន់លានដុល្លារត្រូវបានវិនិយោគដើម្បីសាងសង់គម្រោងនានាទាក់ទិននឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជាក់ស្ដែង បើគិតតែការវិនិយោគរបស់ក្រុមហ៊ុនយក្ស Vingroup ទឹកប្រាក់ជាង ២,៨ ពាន់លានដុល្លារ ត្រូវបានប្រើដើម្បីសាងសង់ជា រីសត សួនកម្សាន្តខ្នាតយក្ស ទីលានកូនហ្គោល និងសណ្ឋាគាររាប់ម៉ឺនបន្ទប់។ (អានបន្ថែម និងបន្ថែម)

មិនត្រឹមតែប៉ុណ្ណោះ គម្រោងជាច្រើនទៀតក៏កំពុងស្ថិតក្នុងការសាងសង់ ហើយមួយចំនួនទៀតក៏កំពុងនៅក្នុងផែនការ។

លោក Le Khac Hiep អនុប្រធានក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានឱ្យដឹង កាលពីខែមេសាកន្លងមកនេះថា ក្រុមហ៊ុនមានបំណងចង់វិនិយោគបន្ថែមទៀត ដើម្បីធ្វើឱ្យកោះនេះ ក្លាយទិសដៅទេសចរណ៍នាំមុខគេនៅក្នុងតំបន់។

ដូចគ្នានេះ ខាងរដ្ឋាភិបាលតាមរយៈលោក Doan Van Tien អនុប្រធានគណៈកម្មការអភិវឌ្ឍកោះត្រល់ ( Phu Quoc People’s Committee) ក៏បានប្ដេជ្ញាថា ចង់ឱ្យកោះត្រល់យកឈ្នះកោះភូកេតនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ដូនេស៊ី ឱ្យបាន។

យ៉ាងណាមិញ អ្នកវិភាគ បានយល់ឃើញថាមហិច្ឆតានេះមិនងាយនោះទេ ព្រោះវៀតណាមនៅខ្ចីទាក់ទាន់នឹងវិស័យនេះ ហើយក្រៅពីកោះភូកេត និង កោះបាលី ក៏នៅមានកោះល្បីៗផ្សេងទៀត ដូចជាកោះ Cebu និងកោះ Boracay របស់ប្រទេសហ្វីលិពិន។

លើសពីនេះ វិបត្តិកូវីដក៏បាន និងកំពុងគម្រាមកំហែងវិស័យទេសចរណ៍ ដែលធ្វើឱ្យការឈានជើងចូលទីផ្សារថ្មីអាចនឹងលំបាក។ ដូច្នេះ វៀតណាមត្រូវពឹងផ្អែកលើកិច្ចការខិតខំផ្សព្វផ្សាយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ និងការផ្ដល់ការបញ្ចុះតម្លៃជាដើម ដើម្បីទាក់ទាញភ្ញៀវនៅដំណាក់កាលដំបូង។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០១៩ មុនវិបត្តិកូវីដ ភ្ញៀវទេសចរចូលទៅកោះត្រល់មានដល់ទៅជាង ៥,១ លាននាក់ ដែលកើនឡើង ២៧%។ ដោយឡែក សម្រាប់ឆ្នាំ២០២១ កោះនេះរំពឹងស្វាគមន៍ទេសចរក្នុងស្រុកប្រមាណ ៣លាននាក់។

- Video Advertisement -