វៀតណាមនឹងប្រែមុខមាត់កោះត្រល់ទៅជាកោះផ្កាឈូកដែលជានិមត្តរូបផ្កាប្រចាំជាតិវៀតណាម

កោះផ្កាឈូក។ ប្រភព: Royal Haskoning

កាលពីថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានអនុម័តអោយ ក្រុមហ៊ុនវិស្វកម្មហូឡង់មួយឈ្មោះថា Royal Haskoning សាងសង់កោះសិប្បនិម្មិតមួយជារូបផ្កាឈូក ដែលជាផ្កាប្រចាំប្រទេសរបស់វៀតណាម នៅលើកោះ Phu Quoc ឬ អតីតកោះត្រល់។

កាលប្រកាសអនុម័តនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទ្វេភាគីរវាងប្រទេសទាំងពីរ ក្រោមវត្តមានជាអធិបតីភាពរបស់ លោកជំទាវប្រធានគណៈរដ្ឋសភា Nguyen Thi Kim Ngan ដែលបានប្រព្រឹត្តទៅកាលពីចុងខែមេសាកន្លងមកនេះ នៅឯស្ថានទូតវៀតណាមនៅទីក្រុងឡាអេ ប្រទេសហូឡង់។

បើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រុមហ៊ុន Royal Haskoning កោះផ្កាឈូកដ៏ប្រណីតនេះនឹងមានទីតាំងស្ថិតនៅតាមឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះភូកុក (Phu Quoc) ដែលជាតំបន់ទេសចរណ៏ ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៃប្រទេសវៀតណាម។ គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តាមមាត់សមុទ្រដ៏ធំរបស់ក្រុមហ៊ុន TTC Land Estate Investment Group ។

ចំពោះគម្រោងនេះដែរ ក្រុមហ៊ុន Royal Haskoning នឹងទទួលខុសត្រូវលើ ការបង្កើតដីនិងច្រាំងសមុទ្រសិប្បនិម្មិត សិក្សាទៅបច្ចេកវិទ្យាការជីក ក៏ដូចជាគ្រប់គ្រងលើប្រព័ន្ធនិងគុណភាពទឹក ដើម្បីធានាថាកោះនេះមាននិរន្តភាពនិងធន់នឹងអាកាសធាតុ។

ដោយឡែកក្នុងសេចក្តីថ្លែងការណ៍ ពុំទាន់បានបញ្ជាក់ច្បាស់លាស់ពីព័ត៌មានលំអិតទាក់ទងនឹងកាលបរិច្ឆេទក្នុងការចាប់ផ្ដើមការសាង់សង់ រយៈពេលសាង់សង់ ក៏ដូចជាថវិកាវិនិយោគលើគម្រោងនេះនៅឡើយទេ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការបង្កើតកោះតំណាងអោយផ្កាប្រចាំប្រទេសមួយនេះ នឹងជំរុញវិស័យវិស័យទេសចរណ៍និងសេដ្ឋកិច្ចក្នុងតំបន់អោយកាន់តែមានសន្ទុះជាងមុន តាមរយៈការបង្កើតការងារនិងឱកាសអាជីវកម្មជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Royal Haskoning ជាក្រុមហ៊ុនវិស្វកម្មចំណាស់មួយនៅក្នុងប្រទេសហូឡង់ ដែលក្នុងរយៈពេលជាង ១៣៥ ឆ្នាំកន្លងមក បានធ្វើការលើគម្រោងសាងសង់ធំៗជាច្រើន ដែលក្នុងនោះរូមមាន ការរចនាកោះដើមដូងដ៏ល្បីល្បាញនៅក្នុងទីក្រុងឌូបៃ ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]