វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង
ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។
យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។
ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាគាំទ្រការធ្វើអាជីវកម្មខ្សាច់ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ដោយមិនធ្វើអន្តរាគមន៍ក្នុងការកំណត់តម្លៃ ហើយនឹងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។
ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋាភិបាលចាត់ឱ្យក្រសួងកិច្ចការដឹកជញ្ជូនវៀតណាម ដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកំណត់តម្រូវការសរុប និងបរិមាណខ្សាច់ដែលត្រូវការរបស់សហគ្រាស និងអ្នកម៉ៅការសំណង់វៀតណាម (មុននឹងបន្តចរចាលើសមត្ថភាពផ្គត់ផ្គង់ខ្សាច់ពីកម្ពុជា)។ វិធានការនេះ នឹងជំរុញឱ្យមានការចរចាយ៉ាងសកម្មជាមួយក្រុមហ៊ុនកម្ពុជាសម្រាប់កិច្ចសន្យាទិញខ្សាច់ស្របតាមបទប្បញ្ញត្តិនៃប្រទេសទាំងពីរ។
បច្ចុប្បន្ននេះ កម្ពុជាបានផ្តល់អាជ្ញាបណ្ណទាញយក និងនាំចេញខ្សាច់ទៅឱ្យក្រុមហ៊ុនក្នុងស្រុកចំនួនបីប៉ុណ្ណោះ (ក្រុមហ៊ុនបរទេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ឡើយ)។ ក្នុងនោះមាន ក្រុមហ៊ុនចតុមុខកម្ពុជានាំខ្សាច់ចេញពី ៤ ម៉ឺនទៅ ៦ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃទៅឲ្យក្រុមហ៊ុនវៀតណាមប្រហែល ១៥ ទៅ ២០ក្រុមហ៊ុន។ ក្រុមហ៊ុន សុខ ធារ៉ា ដែលមានដីបម្រុងទុកខ្សាច់ជាង ២០០លានម៉ែត្រគូប នៅមិនទាន់នាំខ្សាច់ចេញទៅវៀតណាមនៅឡើយទេ។ ចំណែកឯ ក្រុមហ៊ុន Global Green Energy ផ្គត់ផ្គង់ប្រហែល ១០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដល់ក្រុមហ៊ុនវៀតណាមចន្លោះពីរទៅបីក្រុមហ៊ុន។
យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃខ្សាច់ដែលបានទិញក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការក្លែងបន្លំ និងការរត់ពន្ធខុសច្បាប់។
គួររំលឹកថា នាដើមខែមេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trần Hồng Hà បានដឹកនាំកិច្ចប្រជុំនៅទីក្រុងហូជីមិញ Hồ Chí Minh ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីស្ថានភាពនិងផែនការផ្គត់ផ្គង់ខ្សាច់ សម្រាប់យកមកដាក់គ្រឹះឱ្យគម្រោងផ្លូវក្រវ៉ាត់ក្រុងហូជីមិញ គឺផ្លូវជាតិលេខ ៣។
ក្នុងជំនួបនោះ ក្រសួងកិច្ចការដឹកជញ្ជូនវៀតណាមបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២១-២០២៥ តំបន់ដីសណ្ដទន្លេមេគង្គ និងតំបន់ភាគអាគ្នេយ៍កំពុងអនុវត្តគម្រោងផ្លូវល្បឿនលឿន និងគម្រោងសំខាន់ៗចំនួន២១ខ្សែ។ តម្រូវការសរុបសម្រាប់ការសាងសង់គម្រោងផ្លូវទាំងនោះ នឹងមានជិត ៧៧លានម៉ែត្រគូប ក្នុងនោះរួមមានដីប្រហែល ៧លានម៉ែត្រគូប និងខ្សាច់ជិត ៧០ លានម៉ែត្រគូប។
យោងតាមក្រសួងធនធានធម្មជាតិ និងបរិស្ថាន តម្រូវការខ្សាច់សម្រាប់ចាក់គ្រឹះផ្លូវក្រវ៉ាត់ក្រុង Hồ Chí Minh City លេខ៣ មានចំនួនប្រមាណ ៩,៣ លានម៉ែត្រគូប ក្នុងនោះបរិមាណខ្សាច់ដែលត្រូវការសម្រាប់តែក្នុងឆ្នាំ ២០២៤ មានប្រហែល ៦លានម៉ែត្រគូប។ បច្ចុប្បន្ននេះ បរិមាណខ្សាច់ដែលបានមកពីប្រភពក្នុងស្រុកនិងដែលបានចុះកិច្ចសន្យាក្នុងគម្រោងនេះរួចហើយនោះ មានប្រមាណ ៧លានម៉ែត្រគូប ដែលតួលេខនេះបង្ហាញថា វៀតណាមកំពុងខ្វះខាតខ្សាច់បន្ថែម ប្រមាណ ២,៣លានម៉ែត្រគូប។
ជុំវិញបញ្ហានេះ សមាគមអចលនទ្រព្យទីក្រុងហូជីមិញធ្លាប់បានរាយការណ៍ថា កម្ពុជាមានបំណងនាំចេញខ្សាច់ប្រហែល ១០០លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់ប្រទេសវៀតណាម៕
- Video Advertisement -