វេទិកាEuroCham៖ ការធ្វើនគរូបនីយកម្មយ៉ាងរហ័ស គឺជាពេលសម្រាប់ឱកាសនិងបទប្បញ្ញត្តិថ្មីបន្ថែមទៀត
ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យដែលកំពុងរីកចម្រើននៅទូទាំងប្រទេស អ្នកប្រឡូកក្នុងឧស្សាហកម្មនេះនិងមន្ត្រីរដ្ឋាភិបាលជាង ២៥០នាក់បានអង្គុយនៅសណ្ឋាគារ Raffles Hotel ដើម្បីស្វែងរកឱកាស និងបទប្បញ្ញត្តិបន្ថែមសម្រាប់បង្កើតទីផ្សារដែលមានលក្ខណៈជឿនលឿនជាងនេះ។
ឯកឧត្តម ឡៅទិព្វ សីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ក្នុងវេទិកាអចលនទ្រព្យ និងសំណង់លើកទី៤ថា៖«វិស័យអចលនទ្រព្យ និងសំណង់បានដើរតួនាទីយ៉ាងខ្លាំងបន្ថែមទៀតនៅក្នុងការចូលរួមចំណែកដល់ការរក្សាបានកំណើនសេដ្ឋកិច្ចជាតិ»។
តាមការឲ្យដឹងពីឯកឧត្តម សីហា គម្រោងសាងសង់ជាង ១៤០០ គម្រោងត្រូវបានអនុម័តក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ដោយមានទុនវិនិយោគមានចំនួន ២,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៦៧,៣៧ ភាគរយ ពីការវិនិយោគដែលមានទឹកប្រាក់ ១,៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ ។
ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃគម្រោងទាំងនេះ ឱកាសនឹងកើតមាន ហើយការយកចិត្តទុកដាក់បន្ថែមក៏នឹងត្រូវកើតមានឡើង។
លោក Arnaud Darc ប្រធានរបស់ Eurocham បានមានប្រសាសន៍ថា៖ លោក Arnaud Darc ប្រធានរបស់ Eurocham បានមានប្រសាសន៍ថា៖ «ជាការពិតណាស់ ដោយសារតែវិស័យនេះកំពុងកើនឡើងកាន់តែខ្លាំង អ្នកប្រឡូកក្នុងវិស័យនេះគ្រប់គ្នាត្រូវតែរកវិធីដើម្បីឈរជើងក្នុងការយកឈ្នះលើការប្រកួត»។
មុននឹងឈានដល់ការពិភាក្សាលើនិន្នាការទីផ្សារ និងស្តង់ដារក្នុងការវាស់វែង ឱកាសវិនិយោគ តម្រូវការហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការគ្រប់គ្រងអចលនទ្រព្យ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា គូសបញ្ជាក់អំពីតម្រូវការបទប្បញ្ញត្តិបន្ថែមសម្រាប់ឧស្សាហកម្មនេះ។
ឯកឧត្តម ថ្លែងថា៖ «ខ្ញុំគិតថាវាក៏ជាពេលដែលមានតម្រូវការកាន់តែខ្លាំងសម្រាប់រដ្ឋាភិបាល ក្នុងលក្ខខណ្ឌនៃបទប្បញ្ញត្តិ ដើម្បីធ្វើឱ្យប្រាកដថា ការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័សនេះ នឹងកើតឡើងក្នុងរបៀបមួយដែលមាននិរន្តរភាព»។
ដោយសារតែកម្ពុជារំពឹងថាចំនួនប្រជាជននឹងកើនឡើងដល់ ១៨ លាននាក់នៅឆ្នាំ ២០៣០ ហើយត្រូវឲ្យមានការសាងសង់លំនៅដ្ឋានថ្មីចំនួន ១,១ លានខ្នង់ ត្រឹមឆ្នាំដូចគ្នា វាគឺមានភាពចាំបាច់ណាស់ក្នុងការលើកកម្ពស់ស្តង់ដារកាន់តែខ្ពស់សម្រាប់ឧស្សាហកម្មដើម្បីធានាគុណភាពជីវិតកាន់តែប្រសើរឡើង។
តាមការយល់ឃើញរបស់ ឯកឧត្តម Edgar រដ្ឋាភិបាលគួរតែពិនិត្យមើលយ៉ាងដិតដល់នូវរឿងមួយចំនួនដូចជា ចរាចរណ៍ កន្លែងសម្រាប់ចតយានយន្ត ទឹកសំណល់ ស្តង់ដារសម្រាប់ប្រសិទ្ធភាពថាមពល ក៏ដូចជាការគ្រប់គ្រងកាកសំណល់នៅតាមការដ្ឋាន ដើម្បីធានាថាវិស័យអចលនទ្រព្យ និងសំណង់របស់ប្រទេសជាតិនឹងមាននិរន្តរភាព។
- Video Advertisement -