សភាពាណិជ្ជកម្មត្រកូលលីន កំពុងសិក្សាពីសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសវិស័យសំណង់ និងអចលនទ្រព្យ
សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក(WLCC) បានចុះមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ លើវិស័យអាទិភាពមួយចំនួននៅកម្ពុជា ក្នុងនោះក៏មានវិស័យសំណង់ និងអចលនទ្រព្យផងដែរ។ នេះបើតាមជំនួបពិភាក្សាការងាររវាងលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោក Tan Sri Dato Lim Soon Peng ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន របស់កម្ពុជា ជាពិសេសការរក្សាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលផ្តល់នូវទំនុកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ខណៈលោកថា ទស្សនៈកិច្ចសិក្សានៅកម្ពុជានាពេលនេះ គឺចង់សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតពីសក្តានុពលរបស់កម្ពុជាពិសេសលើវិស័យសំណង់ អចលនទ្រព្យ កសិកម្ម ថាមពលបៃតង សុខាភិបាល និងវិស័យមួយចំនួនទៀត។
លោកបន្តថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នឹងសហការជាមួយសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ដើម្បីរៀបចំសន្និសីទមួយក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នៅកម្ពុជា ដោយមានអ្នកចូលរួមពីបណ្ដាសមាជិក និងវិនិយោគិន នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ប្រមាណ ១០០០ ទៅ ២០០០នាក់ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាស្វែងរកនូវកាលានុវត្តភាព និងសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា។
ឆ្លើយតបលើរឿងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំសន្និសីទដ៏ធំខាងលើនេះ ជាងនេះទៅទៀតសម្តេចក៏បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មត្រកូលលីនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលកម្ពុជា។
- Video Advertisement -