សភាពាណិជ្ជកម្មអឺរ៉ុបពិភាក្សាពីគុណភាពសំណង់ខណៈឧស្សាហកម្មនេះកំពុងរីកចម្រើនខ្លាំង

សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham កាលពីថ្ងៃទី ០៣ ខែ តុលា បានរៀបចំកិច្ចពិភាក្សាទាក់ទងទៅនឹងគុណភាពសំណង់ ដើម្បីស្វែងយល់ពីរបៀបគ្រប់គ្រងកិច្ចសន្យាដែលនឹងជួយឲ្យគម្រោងសំណង់មានគុណភាពល្អ។ កម្មវិធីនេះ មានការចូលរួមពីធុរកិច្ចជនពាក់ព័ន្ធវិស័យអចលនទ្រព្យ និងសំណង់ប្រមាណជា ៨០ នាក់។

លោក Michel Cassagnes អ្នកសម្របសម្រួលកម្មវិធី និងជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia បានមានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងគឺដើម្បីសិក្សាពីការធ្វើកិច្ចសន្យា ដែលអាចជួយឲ្យអ្នកអភិវឌ្ឍន៍ទទួលបានគុណភាពសំណង់ល្អនៅពេលបញ្ចប់គម្រោង សាងសង់។

លោក Stephane Bigorre វាគ្មិនមួយរូប និងជានាយកគ្រប់គ្រង និងដៃគូក្រុមហ៊ុន LBL International បានផ្តល់ពីនិយមន័យថា គុណភាពសំណង់ គឺជាការអនុលោមទៅនឹងលក្ខខណ្ឌមួយចំនួន ហើយកិច្ចសន្យា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។

លោកថ្លែងថា៖ «មធ្យោបាយតែមួយគត់ក្នុងការកំណត់គុណភាពនៅក្នុងសំណង់ និងដើម្បីធានាថាយើងឈានដល់ដំណាក់កាលនៃគុណភាព គឺត្រូវប្រាកដថា លក្ខខណ្ឌទាំងនោះត្រូវបានកំណត់យ៉ាងច្បាស់លាស់ ហើយបន្ទាប់មកគឺឯកសារកិច្ចសន្យា»។

បន្ថែមពីនេះ លោក Guillaume Bernard សហស្ថាបនិក និងជាប្រធានសមាគមអាស៊ីសម្រាប់ការគ្រប់គ្រងកិច្ចសន្យា បានមានប្រសាសន៍ថា ការគ្រប់គ្រងកិច្ចសន្យា គឺមានសារៈសំខាន់ ពីព្រោះកិច្ចសន្យាកំណត់នូវច្បាប់នៃកិច្ចការងារសាងសង់ទាំងឡាយណា។

លោកថ្លែងថា៖ «កិច្ចសន្យាកំណត់គោលការណ៍នៃការងារនៅក្នុងគម្រោង តើភាគីបានពិនិត្យឬអត់ តើមានកំណត់លក្ខខណ្ឌដើម្បីអភិវឌ្ឍគម្រោង និងប្រតិបត្តិគម្រោងតាមរបៀបដែលមានជំនាញវិជ្ជាជីវៈឬអត់ និងតើភាគីបានអនុវត្តកិច្ចសន្យាអំឡុងពេលអនុវត្តគម្រោងឬអត់»។

លើសពីនេះទៀត លោក Guillaume Bernard បានកត់សម្គាល់ថា ការវាយតម្លៃហានិភ័យ និងកំណត់គោលដៅសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ ដូច្នេះ អ្នកម៉ៅការអាចអនុវត្តគម្រោងដោយគ្មានបញ្ហា គ្មានការបន្ធូរបន្ថយ ឬការមិនអនុលោមទៅតាមលក្ខខណ្ឌ។

ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានឲ្យដឹងថា ច្បាប់ស្តីពីសំណង់ថ្មី ក៏រួមបញ្ចូលទាំងកិច្ចសន្យាសាងសង់នៅក្នុងជំពូកមួយផងដែរ។

គួរបន្ថែមថា ខណៈកម្ពុជាកំពុងមានសន្ទុះផ្នែកឧស្សាហកម្មសំណង់ រដ្ឋាភិបាលបានធ្វើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលមាន ២២ ជំពូកនិង ១១៣ មាត្រា ដែលនឹងត្រៀមអនុវត្តក្នុងពេលឆាប់ៗនេះ។ (អានបន្ថែម)

- Video Advertisement -