សមាគមអ្នកសាងសង់កម្ពុជាជួយលើកកម្ពស់ច្បាប់សាងសង់ថ្មី
សមាគមអ្នកសាងសង់កម្ពុជា (CCA) គាំទ្រចំពោះច្បាប់សាងសង់ដែលទើបអនុម័តទៅដល់សមាជិករបស់ខ្លួន នឹងបន្តជួយផ្សព្វផ្សាយច្បាប់នេះបន្ថែមទៀត។
រដ្ឋសភាទើបបានអនុម័តច្បាប់ ស្តីពី ការសាងសង់ក្នុងខែតុលា ដែលត្រូវបានចងក្រងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង អ្នកជំនាញនៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍របស់ប្រទេសជប៉ុន។
សេចក្ដីព្រាងច្បាប់ស្តីពី សំណង់មាន ៣១ទំព័រ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងវិស័យសំណង់ដែលកំពុងរីកចម្រើន ដែលត្រូវការពង្រឹងដំណើរការ និង ប្រតិបត្តិការជាពិសេសក្នុងចំណោមអ្នកពាក់ព័ន្ធ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជាគាំទ្រចំពោះការខិតខំដឹកនាំរបស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ថាជាស្ថាប័នសំខាន់មួយដែលទទួលខុសត្រូវក្នុងការធ្វើឱ្យច្បាប់នេះអាចដំណើរការទៅរួច។
លោកបានលើកឡើងថា “ក្នុងនាមវិស័យឯកជន យើងសូមស្វាគមន៍ និង រីករាយចំពោះការខិតខំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់។ សមាគមនឹងមានផែនការការងារដើម្បីលើកកម្ពស់ច្បាប់ដល់អ្នកសាងសង់ទាំងអស់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់វិស័យសំណង់នៅកម្ពុជា“។
សមាគមអ្នកសាងសង់កម្ពុជា តែងតែជួយគាំទ្រដល់ការងារ ដែលជួយលើកកម្ពស់ឧស្សាហកម្មសំណង់។ សមាគមក៏បានគាំទ្រដល់ការបោះពុម្ពសៀវភៅណែនាំស្តីពីសុវត្ថិភាពកម្មករសំណង់នៅការដ្ឋានចំនួន ៣,០០០ ច្បាប់៕

