សម្ដេច៖ ចំណាយលើវិបត្តិកូវីដ បើធៀបទៅចង់ស្មើនឹងចំណាយសង់ស្ពានឆ្លងទន្លេមេគង្គ ១០ ហើយ
រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងសប្ដាហ៍នេះ បានបង្ហាញថា ខ្ទង់ចំណាយលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនឡើងជិតដល់ខ្ទង់ពាន់លានដុល្លារហើយ ឬប្រដូចទៅនឹងការសាងសង់ឆ្លងកាត់ទន្លេមេគង្គយ៉ាងហោច ១០ស្ពាន ឯណោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា៖ «អ្វីដែលយើងបានចាយ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គ បានប្រហែលជាមិនតិចជាង ១០ទេ ដែលយើងចាយកន្លងទៅ។
«ស្ពានខ្លះ ធ្វើអស់តែ ៥០លានដុល្លារ ទៅ ៦០លានដុល្លារ ទេ ប៉ុន្តែដើម្បីទប់ទល់នឹងកូវីដ យើងបានចាយអស់ច្រើនលានហើយ»។
ទោះជាយ៉ាងណាក្ដី សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជាមិនក្ស័យធុននោះទេ ដោយនៅតែអាចគ្រប់គ្រងស្ថានភាពបាន ក៏ដូចជានៅតែបន្តអភិវឌ្ឍជាតិ និងហេដ្ឋារចនាសម្ព័ន្ធបានដូចមុន។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣ប៊ីលានដុល្លារ ក្នុងនោះ ១,៧ ប៊ីលានដុល្លារជាចំណូលពន្ធ និង ១,៣ប៊ីលានដុល្លារជាចំណូលគយ។
សម្រាប់រយៈពេល ៥ខែទៀត កម្ពុជាក៏គ្រោងនឹងបង្កើតចំណូលប្រមាណ ២ប៊ីលានដុល្លារ បន្ថែមទៀត។

