សម្ដេច ហ៊ុន សែន បញ្ជាក់ពីមូលហេតុដែលជ្រើសរើសទីតាំងស្ពានផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ
សម្តចតេជោ ហ៊ុន សែន បានធានាថាស្ពានអរិយក្សត្រនឹងសង់ ១០០% ខណៈទីតាំងក៏ត្រូវបានជ្រើសរើសជាផ្លូវការរួចរាល់ហើយដែរ គឺផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ដោយនឹងសាងសង់ជាស្ពានយោងកាប្លិ៍ខ្ពស់ គ្មានសសរ។
សម្ដេច ថ្លែងដូច្នេះ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ នៅថ្ងៃទី២៣ ខែមីនា ដោយប្រាប់ទៅប្រជាពលរដ្ឋថាសូមកុំបារម្ភ ព្រោះសម្ដេចនឹងពុះពារធ្វើយ៉ាងណាឱ្យស្ពាននេះក្លាយជាការពិត។
លើសពីនេះ សម្ដេចក៏បានបញ្ជាក់ពីមូលហេតុថាហេតុអ្វី សម្ដេចជ្រើសរើសទីតាំងផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ ក្នុងចំណោមជម្រើសជាច្រើន។
សម្ដេចថា៖ «យើងមាន ២ ជម្រើសធំៗ។ ទី១ គឺសង់ពីជ្រោយចង្វាទៅស្វាយជ្រុំ មានស្ពានតែ១ ទេ។ ប៉ុន្តែ បើធ្វើដូច្នេះ យើងនឹងស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារកាន់តែខ្លាំង ព្រោះគ្រប់គ្នាសម្រុកឆ្លងទៅទីនោះ។ ដូច្នេះយើង សម្រេចធ្វើស្ពាន ២ គឺចេញពីផ្សាររាត្រី ទៅជ្រោយចង្វារ ១ ហើយ១ ទៀត បន្ដពីជ្រោយចង្វារទៅអរិយក្សត្រ»។
«ធ្វើដូច្នេះ យើងនឹងជួយសម្រួលចរាចរស្ពានជ្រោយចង្វារបច្ចុប្បន្ន បានមួយកម្រិត ហើយទីក្រុងនឹងមានសោភណភាពជាងមុនទៀតផង»។
សម្ដេច ក៏បានបញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា លោកប្រធានាធិបតីថ្មីកូរ៉េខាងត្បូងដែលឡើងកាន់តំណែងថ្មី នឹងមិនបោះបង់ចោលគម្រោងជួយកសាងផ្លូវស្ពានដល់កម្ពុជាទេ ព្រោះវានឹងក្លាយជាតំណាងមិត្តភាពដ៏មួយ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ។ (អានបន្ថែម)

