សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ១១ តម្លៃជិត១០០ លានដុល្លារ ជាផ្លូវការ

ផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ១០០លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះ មានប្រវែងសរុប ៩៦គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ខ្សែផ្លូវនេះ មានផ្លូវជាតិប្រវែង ៩៦គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែងប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១,៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,៨០គីឡូម៉ែត្រ។

ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៤៤ខែ។ ប៉ុន្តែការសាងសង់ជាក់ស្តែងត្រឹមតែ ៣០ខែប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លឿនជាងផែនការគ្រោងទុក ១៤ខែ។ (អានបន្ថែម)

- Video Advertisement -