សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ
សម្តេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាគដី ២ហិកតា តម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អន្តេវាសិកដ្ឋានជូននិស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្ត ដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកាសតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ប៉ុន្តែក្រោយពីបានពិភាក្សាជាមួយភរិយោ និងកូនស្រីរបស់សម្តេចរួច សម្តេចក៏សម្រេចប្រគល់ដីមួយកន្លែងនេះជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋានវិញ។
អន្តេវាសិកដ្ឋាននេះ នឹងត្រូវសាងសង់ឡើងចំនួន១២០បន្ទប់ សម្រាប់ផ្តល់ជាកន្លែងស្នាក់នៅដល់និស្សិតស្ត្រីចំនួន ៥០០នាក់។ ក្នុងបន្ទប់នីមួយៗនឹងត្រូវរៀបចំសម្រាប់និស្សិតស្រីស្នាក់នៅចំនួន ៤នាក់ ដោយមានភ្ជាប់ជាមួយបន្ទប់ទឹក និងចង្ក្រានបាយដាច់ដោយឡែក។
បន្ថែមពីនេះ សម្តេចតេជោ ក៏បានណែនាំឱ្យមានការកសាងប៉ុស្តិ៍សុខភាពមួយនៅជាន់ផ្ទាល់ដីនៃអគារអន្ទេវាសិកដ្ឋាន ដែលរួមមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ ដើម្បីធានាសុខុមាលភាពរបស់និស្សិតដែលស្នាក់នៅទីនោះ។
សម្តេចតេជោបន្តថា នៅពេលសាងសង់រួច អន្តេវាសិកដ្ឋាននេះ នឹងត្រូវប្រគល់ជូនជាសម្បត្តិរដ្ឋ ហើយការគ្រប់គ្រងនឹងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងកិច្ចការនារី។
តាមរយៈសារចុងក្រោយ សម្តេចបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា៖ «ខ្ញុំសង្ឃឹមថាអន្ទេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិនិយោគកសាងសមត្ថភាពរបស់ស្ត្រី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងប្រទេសជាតិ»។
- Video Advertisement -