សម្តេចតេជោសម្រេចដកសិទ្ធគ្រប់គ្រងអាជីវកម្មផ្លូវដែកទាំងអស់នៅកម្ពុជាពីអ្នកឧកញ៉ាគិតម៉េង

រូបភាពដោយ Kidskunst.info

រាជរដ្ឋាភិបាលសម្រេចបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន Cambodia Royal Railway របស់អ្នកឧកញ៉ាគិត ម៉េងក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា នេះបើយោងតាមការប្រកាសរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលសម្រេចបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន Royal Railway ក្នុងប្រតិបត្តិការផ្លូវដែក ហើយរាជរដ្ឋាភិបាលសម្រេចប្រគល់ការគ្រប់គ្រងផ្លូវដែក ទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាបណ្តោះអាសន្នដើម្បីរៀបចំគ្រប់គ្រង មុននឹងឈានដល់ការដាក់ឲ្យដេញថ្លៃជាសាធារណៈ»។

សម្តេចបានបន្ថែមទៀតថា រដ្ឋាភិបាលនឹងជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់មកសហការជាមួយរាជរដ្ឋាភិបាលសំដៅធ្វើឲ្យប្រពន័្ធផ្លូវដែកកម្ពុជាមានលក្ខណៈស្តង់ដារអន្តរជាតិ និងទំនើបជឿនលឿន។

សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Cambodia Royal Railway មិនបានពង្រីកសក្តានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខានានាដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលរួមមានដូចជាក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនាំចូល ពាណិជ្ជករ និងអ្នកដំណើរ។

គួររម្លឹកថា ក្រុមហ៊ុន Cambodia Royal Railway បានធ្វើអាជីវកម្មផ្លូវដែកបន្តពីក្រុមហ៊ុនអូស្រ្តាលីកាលពីឆ្នាំ ២០១៤។

- Video Advertisement -