សម្តេច ហ៊ុន សែន ច្រានចោលមតិដែលថាការអភិវឌ្ឍផែទឹកជ្រៅជាអន្ទាក់បំណុលវណ្ឌករបស់ចិន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលការវិភាគមួយចំនួនដែលថាកម្ពុជាជាប់អន្ទាក់បំណុលវណ្ឌករបស់ប្រទេសចិន ហើយចិននឹងរឹបអូសកំពង់ផែទឹកជ្រៅព្រះសីហនុ ដោយបញ្ជាក់ថាគឺការលើកឡើងនេះគឺខុសទាំងស្រុង ព្រោះផែព្រះសីហនុជាជំនួយរបស់ប្រទេសជប៉ុន។
សម្ដេច ថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ។
សម្តេចតេជោ លើកជាសំនួរថា៖ «ផែទឹកជ្រៅជប៉ុនជួយ ហេតុអ្វីបានជាថាអន្ទាក់បំណុលរបស់ចិន? មិនអាចទៅរួចឡើយដែលផែទឹកជ្រៅព្រះសីហនុ ជាប់អន្ទាក់បំណុលចិន ដូចករណីនៅស្រីលង្កា»។
សម្ដេចបានបន្ដទៀត ផែទឹកជ្រៅខេត្តព្រះសីហនុ ដែលកំពុងដំណើរការទំនិញចេញចូល មានការរ៉ាប់រងពីជប៉ុន ដោយជប៉ុនក៏មានភាគហ៊ុនផងដែរ។
សូមបញ្ជាក់ថា ជប៉ុនបានជួយអភិវឌ្ឍន៍ផែទឹកជ្រៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ បើតាមផែនការ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ ជំហានទី១ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែ ទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ។
ដោយឡែក ជំហានទី២ និងក្នុងជំហានទី៣ ដែលនឹងពង្រីកផែឱ្យមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ ក៏កំពុងសិក្សាដោយ JICA។
ដោយឡែក សម្រាប់រយៈពេលវែង គឺជំហានទី៤ និង ៥ គឺគ្រោងនឹងពង្រីកជម្រៅដល់ទៅ ១៨,៥ និង ១៩ ម៉ែត្រ។ (អានបន្ថែម)

