សាលាក្រុងសហការជាមួយសមាគមលំនៅឋានបង្កាមិនឱ្យកូវីដប៉ះពាល់ធ្ងន់ដល់ការដ្ឋានសំណង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ ផ្តោតបង្កើនវិធានការណ៍ការពារនានា ទិសដៅបង្ការមិនឱ្យជំងឺកូវីដ១៩ ឆ្លងចូលការដ្ឋានសំណង់គ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ដែលជាហេតុនាំឱ្យរាំងស្ទះគម្រោង។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែសីហា ថា ទោះមានវិបត្តិកូវីដ រដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះនៅតែដំណើរការទៅមុខ ព្រោះជាវិស័យមួយនៃវិស័យស្នូលជំរុញសេដ្ឋកិច្ច។
ដូច្នេះ វិស័យឯកជន និងអាជ្ញាធររាជធានីភ្នំពេញ ត្រូវសហការគ្នាបន្ថែមទៀតដើម្បីពង្រឹងវិធានសុខភាព ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឱ្យបាន។
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ក៏សម្ដែងសុទិដ្ឋិនិយមថា ជាមួយនឹងវិធានការណ៍តឹងរឹងនេះ វិស័យសំណង់នឹងត្រឡប់មកមានស្ថិរភាពឆាប់ៗ ស្របនឹងកំណើនសេដ្ឋកិច្ច។
គួរបញ្ជាក់ថា កាលពីចុងខែ កក្កដា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំថ្មី ១៤ ចំណុច ដល់ម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ឱ្យរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដើម្បីធានាឱ្យបាននូវសុវត្ថិភាពរបស់បុគ្គលិក និងកម្មករ។ (អានបន្ថែម)

