សិប្បកម្មផលិតប្រហុកម្សៅនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធបើកឱ្យដំណើរការសិប្បកម្ម ផលិតនិងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន CONFIREL។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម បានបើកយុទ្ធនាការផ្សព្វផ្សាយលើកទី៣ (Roadshow) ស្តីពីផលផលិតផលជលផល ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈប្រតិភូសហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។
ឯកឧត្តម បានថ្លែងថា ពិធីសម្ពោធនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការជំរុញវិស័យកសិ-ម្ហូបអាហារនៅកម្ពុជា ហើយជាការរួមគ្នាក្នុងការគាំទ្រផ្នែកសុវត្ថិភាពម្ហូបអាហារ និងការរួមចំណែករបស់វិស័យជលផលកម្ពុជាទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ដោយឡែកចំពោះយុទ្ធនាការផ្សព្វផ្សាយវិញ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ជាយុទ្ធនាការផ្សព្វផ្សាយលើកទី៣ ដែលនឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគ្រាសមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដែលអ្នកសារព័ត៌មាននឹងបានឃើញផ្ទាល់ភ្នែក ពីការកែច្នៃផលិតផលជលផលក្នុងស្រុក ដែលពីមុនធ្លាប់តែដាក់លក់នៅតាមផ្សារត្រីក្នុងស្រុក តែពេលនេះកំពុងឈានទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី បារាំង កូរ៉េ និងប្រទេសមួយចំនួនទៀត។ កម្ពុជាបាននិងកំពុងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជំរុញការនាំចេញ និងភាពរីកចម្រើនរបស់វិស័យនេះជារួម។
ជាចុងក្រោយ ឯកឧត្តម បានផ្តល់អនុសាសន៍ឱ្យសហគ្រាសត្រូវសហការជាមួយកសិករ និងសហគមន៍កសិកម្មទំនើបក្នុងស្រុក ដើម្បីបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់មួយ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍកសិកម្ម ការទទួលបានទីផ្សារថ្មី និងស្ថេរភាពតម្លៃសម្រាប់ផលិតផលសំខាន់ៗ ពង្រឹងភាពធន់របស់ផលិតផលកសិ-ម្ហូបអាហារ បង្កើតឱកាសទីផ្សារថ្មីៗ។
នៅពេលដែលប្រទេសកម្ពុជាបន្តពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារពិភពលោក គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដូចជាការបង្កើតរោងចក្រកែច្នៃរបស់ក្រុមហ៊ុន CONFIREL និងយុទ្ធសាស្រ្តផ្សព្វផ្សាយខាងលើគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធានានូវអនាគតប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ឧស្សាហកម្មជលផល និងកសិកម្មនៅក្នុងប្រទេសកម្ពុជា។
- Video Advertisement -