សៀមរាបត្រូវបានជ្រើសរើសជាខេត្តអាទិភាពដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម

ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។

យោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា សៀមរាប គឺជាខេត្តអាទិភាពជាងគេ ព្រោះខេត្តនេះ មានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។

ក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កីឡាករ គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន គឺចេញពីខេត្តសៀមរាបនេះ។ ជារួម សៀមរាបជាខេត្តមានអំណោយផលគ្រប់យ៉ាង។

ដោយឡែក ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោវិញ បច្ចុប្បន្នសម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាសល់តែ ៧២៥ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -