សំណង់អគារប៊ូឌីង នឹងត្រូវផ្លាស់ប្តូរនៅឆ្នាំ ២០១៧

អគារតំណាងទីក្រុងភ្នំពេញ តែចាស់ទ្រុឌទ្រោម “ ប៊ូឌីង” តែងតែមានពាក្យ ចរចាមអារាមថានឹងត្រូវកំទេចចោល បើទោះបីជាមានការស្នើរសុំឲ្យរក្សាសភាពដើមពី សំណាក់ប្រជាជនដែលរស់នៅទីនោះក៏ដោយ។ ប្រសិនបើគម្រោងដែលស្នើដោយអ្នកវិនិយោគជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាន នោះអគារនេះនឹងត្រូវរុះរើនៅក្នុងឆ្នាំ ២០១៧ ហើយនឹងត្រូវជំនួសដោយអគារខុនដូដែលមានកម្ពស់ ២១ជាន់វិញ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែធ្វើការសិក្សាលើគម្រោងនេះជាមួយនឹងក្រុមហ៊ុន Arakawa របស់ជប៉ុន ដើម្បីធ្វើការអភិវឌ្ឍអគារទ្រុឌទ្រោមដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់នេះឲ្យទៅជាអគារខុនដូទំនើបវិញ។

គម្រោងដែលមានតំលៃប្រហែល ៧០ ទៅ ៨០ លានដុល្លារ វានឹងមានចំណតរថយន្តចំនួន ៣ជាន់ ហាងលក់ទំនិញ ១ជាន់ ហើយ ៥ជាន់ទៀត គឺទុកសម្រាប់ ៦០០គ្រួសារ ដែលរងផលប៉ះពាល់នេះ ដែលមានទំហំធំជាង ១០% នៃផ្ទះនាពេលបច្ចុប្បន្ននេះ។ ចាប់ពីជាន់ទី ៩ បន្ទប់ខុនដូទាំងអស់គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនអាចលក់ដើម្បីបានកំរៃពីការវិនិយោគរបស់ខ្លួន។ នៅក្នុងអំឡុងពេលកំពុងសាងសង់នោះ ថវិកាមួយចំនួនក៏នឹងត្រូវយកទៅសាងសង់អគារស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលរងផលប៉ះពាល់ មានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា។

នៅក្នុងជំនួបនៅថ្ងៃទី ២៧ វិច្ឆិកា ជាមួយអ្នកតំណាងឲ្យសហគម ដែលតំណាងឲ្យចំនួន ៦០០គ្រួសារដែលរងផលប៉ះពាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម ឯកឧត្តម ជា សុផារ៉ា បានសង្កត់ធ្ងន់ទៅលើសក្តានុពលពីគម្រោងនេះ ហើយស្នើសុំឲ្យគ្រួសារដែលរងផលប៉ះពាល់រង់ចាំរយៈពេល ៤ឆ្នាំ ទំរាំតែសំណង់អគារថ្មីសាងសង់រួចជាស្ថាពរ។

លោកបានផ្តល់ជម្រើស ២ដល់គ្រួសារដែលរងផលប៉ះពាល់ ពោលគឺ គេអាចទទួលយក សំណងហើយចាកចេញ ឬក៏រង់ចាំរយៈពេល ៤ឆ្នាំដើម្បីទទួលបានគេហដ្ឋានថ្មី ដែលធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួល។

ទោះបីជាពួកគាត់រីករាយជាមួយគម្រោងនេះក៏ដោយ ក៏ពួកគាត់មិនទាន់យល់ស្របជាមួយគម្រោងនេះទាំងស្រុងដែរ។ ខណៈពេលដែលអ្នកខ្លះពុំទាន់ទុកចិត្តលើគម្រោងនេះក៏ដោយ ក៏អ្នកដទៃទៀតបានធ្វើការតថ្លៃលើសំណង ដោយស្នើសុំសំណងពី ៧ម៉ឺន ទៅ ៨ម៉ឺនដុល្លារ ក្នុងមួយគ្រួសារ ប្រសិនបើគាត់យល់ព្រមចាកចេញ។

ដោយសារតែមិនទាន់មានការឯកភាពទាំងស្រុងពីគ្រួសារដែលរងផលប៉ះពាល់ ដូច្នេះ Arakawa មិនទាន់បានបញ្ជាក់អំពីផែនការវិនិយោគរបស់ខ្លួនទេ។ ក្រសួងនឹងបញ្ជូនពាក្យស្នើសុំវិនិយោគ ជូនរដ្ឋាភិបាលដើម្បីធ្វើការអនុម័ត បន្ទាប់ពីគ្រួសារដែលរងផលប៉ះពាល់ឯកភាពតាមការព្រមព្រាង។ ប្រសិនបើគម្រោងនេះត្រូវបានអនុម័ត វារំពឹងថានឹងត្រូវចាប់ផ្តើមការសាងសង់នៅឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅឆ្នាំ ២០២១។

អំឡុងពេលកំពុងសាងសង់ Arakawa នឹងផ្តល់ទីជម្រកបណ្តោះអាសន្នទៅកាន់គ្រួសារដែលរងផលប៉ះពាល់នៅលើដីរបស់ខ្លួនផ្ទាល់ដែលនៅពីក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

អគារប៊ូឌីង ដែលមានឈ្មោះដើមជា អគារស្នាក់នៅសាលាក្រុង ត្រូវបានសាងសង់ឡើងក្នុងទស្សវត្សឆ្នាំ៦០ ក្នុងរជ្ជកាលសមេ្តច សីហនុ ជាផ្នែកមួយនៃរចនាប័ទ្មស្ថាបត្យកម្ម Bassac Riverfront ដែលលាតសន្ធឹងស្របតាមបណ្តោយទន្លេបាសាក់។ គម្រោងនេះត្រូវបានរចនាឡើងដោយស្ថាបត្យករ កម្ពុជា លោក លូ បានហាប់ និងស្ថាបត្យករ រុស្សី លោក Vladimir Bodiansky និងមើលការខុសត្រូវ ដោយលោក វណ្ណ ម៉ូលីវណ្ណ ដែលជាស្ថាបត្យករកម្ពុជាដំបូងទទួលបានការសិក្សានៅប្រទេសបារាំង។ វាត្រូវបានសម្ពោធ នៅឆ្នាំ១៩៦៣ និងមានបន្ទប់ចំនួន ៤៦៨ ដែលបំណងទីមួយ គឺផ្តល់ឲ្យនូវអគារច្រើនជាន់សម្រាប់បែបបទជីវិតទំនើបថ្មី ទៅកាន់ប្រជាជនកម្ពុជាលំដាប់ថ្នាក់ទាប និងកណ្តាល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]