សំណួរពាក់ព័ន្ធនឹងការរញ្ជួយដីចំពោះគម្រោងអគារខ្ពស់ជាងគេនៅអាស៊ាន

ការសាងសង់អគារខ្ពស់ជាងគេនៅអាស៊ានត្រូវបានគ្រោងនឹងដំណើរការ នៅពេលដែលអគារកំពស់ ១៣៣ ជាន់ Thai Boon Roong Twin Tower Trade Center ដែលនឹងចាប់ផ្តើមបុកគ្រឹះនៅក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ ២០១៦។

ការអភិវឌ្ឍអគារថៃប៊ុនរ៉ុង ដែលមានកម្ពស់ ៥០០ ម៉ែត្រ គឺជាគំរូមហិច្ឆតាធំបំផុតនៃទំនោរសាងសង់អគារខ្ពស់រហូតមកដល់ពេលនេះ ដែលបង្ហាញពីការកើនឡើងនៃអគារខ្ពស់យ៉ាងច្រើននៅក្នុងទីក្រុងដែលមានចំណូលទាបប្រទេសកម្ពុជាមួយនេះ។ មហិច្ឆិតាដ៏ពិសេសមួយនេះ អ្នកខ្លះនិយាយថាវាមានលក្ខណៈមិនពិតប្រាកដ ដែលមានគោលបំណងចង់ឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះនេះបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ ក្នុងរយៈពេលបីឆ្នាំ។

ដោយសារតែប្រទេសកម្ពុជាបានជួបប្រទះច្រើននូវគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កដោយមនុស្ស ដូចនេះផលប៉ះពាល់នៃការរញ្ជួយដីធ្ងន់ធ្ងរមិនទាន់ក្លាយទៅជាចំណុចព្រួយបារម្ភនៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ ក្រោយមានការរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសជិតខាងគឺប្រទេសមីយ៉ាន់ម៉ានៅខែសីហាមក ឥលូវនេះមានការសាកសួរពីសុវត្ថិភាពនៃអគារនៅក្នុងប្រទេសកម្ពុជា និងជាពិសេសសំណង់អគារខ្ពស់សម្រាប់ជំនាន់ថ្មី។

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបត្រូវបានតែងតាំងថ្មីៗនេះបានថ្លែងថា ក្រសួងកំពុងធ្វើសេចក្តីព្រាងច្បាប់ដែលកាន់តែប្រសើរជាងមុនដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិលើអគារខ្ពស់។

លោក ទុស សាភឿន អគ្គលេខាធិការរងនៃមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ដែលធ្វើការពាក់ព័ន្ធជាមួយនឹងគម្រោងអគារខ្ពស់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រចនាសម្ព័ន្ធអគារថៃប៊ុនរ៉ុង ត្រូវបានរចនាឡើងដោយអាចទប់ទល់នឹងការរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ។

លោកសាភឿនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងការកសាងអគារកម្ពស់ ៥០០ ម៉ែត្រនេះ ក្រុមហ៊ុនមិនត្រឹមតែគិតពិចារណាលើសោភ័ណភាព គុណភាព និងទិដ្ឋភាពស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏យកចិត្តទុកដាក់ក្នុងការការពារប្រឆាំងនឹងការរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងទៀត។

ជាមួយគ្នានេះដែរ លោក ទូច សំណាង នាយករងផ្នែកការដឹកនាំការអភិវឌ្ឍន៍ក្នុងស្រុកនៃក្រុមហ៊ុនសាជីវកម្មវិនិយោគកម្ពុជាក្រៅប្រទេសបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អគារខ្ពស់ទាំងអស់នៅក្នុងប្រទេសមានប្រព័ន្ធសុវត្ថិភាពទប់ទល់នឹងហេតុការណ៍រញ្ជួយដីដែលមានកម្រិតចាប់ពី ៥ ទៅ ៦ រ៉ិចទ័រ។

ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាមានហានិភ័យទាបពាក់ព័ន្ធនឹងការរញ្ជួយដី និងមហន្តរាយស៊ូណាមី បើប្រៀបធៀបទៅនឹងប្រទេសជិតខាងមួយចំនួនក្នុងអាស៊ានដូចជាប្រទេសឥណ្ឌូនេស៊ី។ ក្រសួងធនធានទឹក និងឧតុនិយមបានចង្អុលបង្ហាញថា ១០ ឆ្នាំមុនប្រទេសកម្ពុជាមានការព្រួយបារម្ភតិចតួចណាស់អំពីគ្រោះមហន្តរាយតាមភូមិសាស្ត្របែបនេះ។

ទោះយ៉ាងណាមានការសង្ស័យតិចតួចដែលថាការសាងសង់តាមស្តង់ដារមានភាពធូររលុងនៅលើអគារដែលមានស្រាប់ហើយជាច្រើន និងការខូចខាតមូលដ្ឋានគ្រឹះដោយការបូមខ្សាច់ អាចបង្កើតជាការបំផ្លិចបំផ្លាញខ្លាំង និងបង្កជាគ្រោះមហន្តរាយភូមិសាស្ត្រធ្ងន់ធ្ងរនៅប្រទេសកម្ពុជា។

- Video Advertisement -