ស្ថានីយទឹកស្អាត ២៩កន្លែង ក្នុងខេត្តបន្ទាយមានជ័យ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែង គាំទ្រថវិកាសាងសង់ដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានីយទឹកស្អាតសហគមន៍ចំនួន ២៩កន្លែងនេះ ស្ថិតនៅក្នុងស្រុកទាំងចំនួន៥ នៃខេត្តបន្ទាយមានជ័យ ដែលមានគ្រួសារទទួលផលចំនួន ១៤.៩៥១ គ្រួសារ។
ឯកឧត្តម ក៏បានបញ្ជាក់ថា បច្ចុប្បន្នខេត្តនេះ មានក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ២៩ក្រុមហ៊ុន និងមានប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតចំនួន ១៣៨.២៥៨គ្រួសារ ស្មើនឹង ៦៨,៦៥% គ្របដណ្តប់លើ ៦០៦ភូមិ/៦៦៤ភូមិ, មានបណ្តាញចែកចាយទឹកតាមបំពង់ចំនួន ១០៦បណ្តាញ ក្នុងនោះសហគមន៍មានចំនួន ៧២បណ្តាញ និងឯកជនមានចំនួន ៣៤បណ្តាញ។ រីឯស្ថានីយផលិតទឹកផឹកវិញ ឯកឧត្តមថា មានចំនួន ១៧០ ក្នុងនោះ សហគមន៍មានចំនួន ៣៤ និងឯកជនមានចំនួន ១៣៦ ខណៈបណ្តាញចែកចាយទឹកតាមបំពង់ ទាំងស្ថានីយផលិតទឹកផឹក គ្របដណ្តប់លើ ១៤៧.៦៣៧គ្រួសារ ស្មើនឹងអត្រាប្រើប្រាស់ទឹកស្អាត ៧៣%។
ជុំវិញរឿងនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរីកចម្រើនក្នុងខេត្តបន្ទាយមានជ័យ ដោយឯកឧត្តមថា សមិទ្ធផលនេះ នឹងជួយលើកកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរថែមមួយកម្រិតទៀត។
ពាក់ព័ន្ធនឹង វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ក្រសួង ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់ បន្តចូលរួមនិងសហការលើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត ដើម្បីរួមចំណែកសម្រេចឱ្យបានគោលដៅនេះ។
ដោយសារសហគមន៍ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍន៍នេះ ពិធីសម្ពោធនេះ គឺជាព្រឹត្តិការណ៍ដ៏មានក្តីសង្ឃឹមក្នុងដំណើររបស់ខេត្តបន្ទាយមានជ័យឆ្ពោះទៅរកការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់របស់ខ្លួន៕
- Video Advertisement -