ស្ថានីយប្រេងអប្សរាបានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយថ្ងៃនេះ

ស្ថានីយប្រេងអប្សរា បានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយ នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ ក្រោយបញ្ចប់ការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទំព័រហេ្វសប៊ុករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អណ្តូងប្រេងទី ១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំណក់ដំបូង នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។

តាមប្រភពដដែលនេះ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបានរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរការផលិតកម្មជារួមមានដូចតទៅ៖

  • ផ្លាតហ្វមអណ្តូងប្រេង ផលិតនៅកោះបាតាងនៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្លាតហ្វមនេះ បានដឹកចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការតម្លើងរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ កញ្ញា ២០២០។ (អានបន្ថែម)
  • កប៉ាល់ផលិតកម្មប្រេងបានតម្លើង ជួសជុល និងបំពាក់សម្ភារៈ បរិក្ខារួចរាល់នៅខែ កញ្ញា ២០២០ នៅប្រទេសសឹង្ហបុរី និងបានដឹកមកដល់និងតម្លើងរួចរាល់នៅប្លុក A នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០។ កប៉ាល់ស្តុកប្រេង បានរៀបចំនិងត្រៀមចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា
    ២០២០ ។

បើយោងតាមកិច្ចសន្យា ប្រេងតំណក់ដំបូងគួរតែផលិតបានតាំងពីខែមិថុនា ឆ្នាំ២០២០ នេះមកម្ល៉េះ តែដោយសារវិបត្តិកូវីដ រដ្ឋាភិបាលបានពន្យារទៅថ្ងៃទី ៣១ តុលាវិញ។

បន្ទាប់មកទៀត ដោយសារភាពយឺតយ៉ាវនៅតែបន្ត រដ្ឋាភិបាលបានដាក់កំហិតថាបើបូមប្រេងនៅតែមិនបាននៅក្នុងខែធ្នូ ២០២០ នេះទេ រដ្ឋអាចនឹងផ្អាកអាជ្ញាបណ្ណរុករកប្រេងរបស់ក្រុមហ៊ុននេះ ឬផាកជាពិន័យផ្សេងៗថែមទៀតផង។ ហើយក្រោយមកទៀត ក៏សុំពន្យារម្តងទៀតទៅខែមេសា ឆ្នាំ២០២១។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -