ស្ថាប័នអន្តរជាតិ២ ធំៗ នឹងផ្ដល់ចំណេះដឹងពីហានិភ័យនៃសម្ភារសំណង់ ដែលប្រើប្រាស់នៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា EuroCham សហការជាមួយ APHEDA នឹងរៀបចំសន្និសីទអនឡាញមួយ ដើម្បីចែករំលែកចំណេះដឹងដល់សាធារណជនអំពីហានិភ័យ និងផលប៉ះពាល់អវិជ្ជមាននានា ដែលបង្កពីសម្ភារសំណង់ ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី ២៧ កញ្ញា ដោយនឹងប្រមូលផ្តុំសុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លលើប្រធានបទនេះ។

វាគ្មិនទាំងនោះរួមមាន នាយកគ្រប់គ្រងនៃក្រុមហ៊ុន Archetype លោក Michel CASSAGNES, ប្រធានក្រុមផ្នែកអចលនទ្រព្យនៅក្រុមហ៊ុនច្បាប់ល្បី DFDL លោក Charles AMAR, អ្នកគ្រប់គ្រងផ្នែកមួយនៃអង្គការ APHEDA លោក Phillip HAZELTON, អនុប្រធាននៃ CCF លោក CHHAY Phalroth និងអនុប្រធានផ្នែកកិច្ចសន្យានៃ Comin Asia លោក Michael FREEMAN ។

សិក្ខាសាលាអនឡាញនេះ នឹងផ្តោតសំខាន់ទៅលើរបៀបកំណត់ថាតើសម្ភារសំណង់ណាដែលអាចបង្កគ្រោះថ្នាក់ ហានិភ័យនៃសារធាតុអាបស្តូសនៅក្នុងវិស័យសំណង់ និងមូលហេតុដែលសារធាតុអាបស្តូសគួរតែត្រូវបានហាមឃាត់ មិនឱ្យប្រើក្នុងវិស័យសំណង់នៅកម្ពុជា។

លើសពីនេះ សិក្ខាសាលាក៏នឹងណែនាំសារៈសំខាន់ និងតួនាទីរបស់មន្ទីរពិសោធន៍ CCF ដែលជាមន្ទីរពិសោធន៍សាធារណៈក្រោមក្រសួងពាណិជ្ជកម្ម ដែលកំពុងផ្តល់នូវសេវាធ្វើតេស្តសម្ភារសំណង់នៅក្នុងប្រទេសកម្ពុជា។

នៅចុងបញ្ចប់នៃវគ្គសិក្ខាសាលានេះ អ្នកចូលរួមក៏អាចសួរសំណួរទៅកាន់វាគ្មិនជំនាញផងដែរ។

វគ្គសិក្ខាសាលានេះ គឺជាភាគចុងក្រោយនៃ សិក្ខាសាលាអនឡាញធំៗ២ របស់EuroCham ស្ដីពីវិស័យអចលនទ្រព្យ និងសំណង់ ដែល ២ ត្រូវបានធ្វើឡើងដោយជោគជ័យរួចហើយកាលពីនៅថ្ងៃទី ១៦ និង ២២ ខែកញ្ញា។

សម្រាប់ព័ត៌មានបន្ថែមនិងការចុះឈ្មោះសូមចូលទៅកាន់គេហទំព័រ EuroCham

- Video Advertisement -