ស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ២៦ តុលា នេះ បានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។

ពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានទាំង២ នេះ ធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។

ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។

ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង ៦០ម៉ែត្រ និងទទឹងប្រវែង ២១ម៉ែត្រ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ១,៦ លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ១២ខែ។

គួរបញ្ជាក់ផងដែរថា គម្រោងស្ពានទាំង ២ នេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍កោះនរាឱ្យទៅជាទីក្រុងរណបថ្មីមួយរបស់ក្រុមហ៊ុន OCIC។

ចាប់តាំងពីខែមករា ឆ្នាំ២០២០ នេះមក ក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងចាក់ខ្សាច់បំពេញ ដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍កោះនរា ដោយសម្រេចបានជាង ២៧% នៃវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេល ៣ ឆ្នាំ។

គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះ នឹងអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និង មន្ទីរពហុព្យាបាលជាដើម ដោយ OCIC បានចាប់ផ្តើមសាងសង់ពីតាំងពីខែ តុលា ឆ្នាំ ២០១៨ មកម្ល៉េះ ។

OCIC អភិវឌ្ឍគម្រោងកោះនរា ក្នុងគោលបំណងដើម្បីលើកស្ទួយសក្តានុពលលើវិស័យសេដ្ឋកិច្ច ទាក់ទាញវិយោគិន បង្កើតការងារសម្រាប់ប្រជាជន បង្កើនសោភណ្ឌភាពទីក្រុង ជួយការពារការបាក់ច្រាំងតាមបណ្តោយទន្លេបាសាក់ និងទន្លេមេគង្គ ជាដើម។

 

- Video Advertisement -