ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) នឹងអាចសាងសង់នៅចុងឆ្នាំ២០២៣ ដោយរង់ចាំបំពេញនីតិវិធីពាក់ព័ន្ធឱ្យចប់សព្វគ្រប់ជាមុនសិន។

នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ តាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ឱ្យដឹងថា ចំពោះការសាងសង់ស្ពាននេះ នៅមិនទាន់មានព័ត៌មានជាក់លាក់១០០ ភាគរយថាសាងសង់នៅពេលណានោះទេ ដោយត្រូវឆ្លងនីតិវិធី និងស្នើសុំគោលការណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីជាមុនសិន។

លោកបានបន្ថែមថា បើពិនិត្យមើលលើឯកសារពាក់ព័ន្ធ ជាលទ្ធភាពអាចនឹងធ្វើការសាងសង់ស្ពាននេះនៅចុងឆ្នាំ២០២៣ យ៉ាងយូរ។

លោកបានបន្ត យើងត្រូវបំពេញនីតិវិធីប្រើប្រាស់ប្រាក់កម្ចីជាមួយភាគីកូរ៉េ និងនីតិវិធីជ្រើសរើសក្រុមហ៊ុន ដើម្បីចុះកិច្ចសន្យាសាងសង់ ដែលគ្រោងនឹងធ្វើឱ្យចប់នៅចុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។ ហើយការសាងសង់ជាលទ្ធភាពអាចនៅអំឡុងឆមាសទី២ ដែលយ៉ាងយូរបំផុតអាចនៅចុងឆ្នាំ២០២៣។

ចំពោះថេរៈវេលានៃការសាងសង់វិញ ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងដែរថា ការសាងសង់ អាចប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ បើរាប់បញ្ជូលនឹងឆ្នាំបំពេញនីតិវិធីចំនួន ០១ ឆ្នាំ(២០២៣) ផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់កម្ចីចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ត្រូវបានផ្តល់សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]