ស្ពានអាកាសទី៦: ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅចាប់បើកការដ្ឋានសាងសង់
ស្ពានអាកាសរង្វង់មូលចោមចៅ
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ដែលនឹងក្លាយជាស្ពានអាកាសទី៦ នៅក្នុងរាជធានីភ្នំពេញ។
ស្ពានអាកាស និងផ្លូវក្រោមដីនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាយពេលសាងសង់ ៣០ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។
គម្រោងទាំងមូលនេះ រួមមានស្ពានចំនួន ៥ កំណាត់ ៖
ស្ពានទី១៖ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែង ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរិមាដែលអាចចរាចរក្រោមស្ពានបាន ៥,៥ម៉ែត្រ។
ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ និង ទទឹង ៥,២៥ម៉ែត្រ។
ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ និង ទទឹង ៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវកោង និងផ្លូវក្រោមដី៖ ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ និង ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវលើផ្ទៃដី៖ ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ និង ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ការសាងសង់ស្ពានអាកាស ត្រង់ចំណុចរង្វង់មូលចោមចៅនេះ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលតែងតែកើតមានឡើងនាពេលកន្លងមកជាពិសេសនៅចំណុចរង្វង់មូលចោមចៅនេះតែម្តង ម៉្យាងវិញទៀត ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេសផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលស្ពានអាកាសទី៦ ត្រង់ចំនុចរង្វង់មូលចោមចៅ បានសាងសង់រួចហើយ បញ្ហានៃការកកស្ទះចរាចរណ៍ នឹងត្រូវបានកាត់បន្ថយ ហើយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់បណ្តាខេត្តផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅពេលខាងមុខយើងនឹងមានការសាងសងស្ពានអាកាសថ្មីៗថែមទៀតនៅទីក្រុងភ្នំពេញ។
បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឲ្យប្រើប្រាស់ដូចជា ១)ស្ពានអាកាសក្បាលថ្នល់ ២)ស្ពានអាកាសស្ទឹងមានជ័យ ៣)ស្ពានអាកាស៧មករា ៤)ស្ពានអាកាស៥មករា(តិចណូ) និង ៥)ស្ពានអាកាសផ្សារដីហ៊ុយ ។
ជាមួយគ្នានេះដែរ សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងបងប្អូនដែលកំពុងរស់នៅជិត ឬរស់នៅក្នុងតំបន់ដែលកំពុងសាងសង់ស្ពានថ្នល់ សូមមានការយោគយល់ព្រោះអាចរំខានដោយសម្លេងគ្រឿងចក្រ ប្រើប្រាស់ផ្លូវវាង និងការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលសាងសង់។

ស្ពានអាកាសរង្វង់មូលចោមចៅ


ស្ពានអាកាសរង្វង់មូលចោមចៅ
- Video Advertisement -