ស្ពានអាកាសភ្លោះភ្ជាប់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល សង់បាន ៨៥%
គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ដែលជាព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបាន ៨៥ភាគរយហើយ ខណៈស្ពានអាកាសភ្លោះថ្មីនេះ ក៏បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានរួចរាល់ហើយផងដែរ។
ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ពេលនេះស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។
សូមជម្រាប់ថា ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោហ៊ុន សែន។
ស្ពានអាកាសនេះ បានបើកការដា្ឋនសាងសង់ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ៕ (អានបន្ថែម)
នៅពេលដែលកាលបរិច្ឆេទបញ្ចប់ការខិតជិតមកដល់ ស្ពានអាកាសថ្មីត្រូវបានគេរំពឹងថានឹងពង្រឹងប្រសិទ្ធភាពដឹកជញ្ជូនក្នុងតំបន់យ៉ាងសំខាន់ កាត់បន្ថយការកកស្ទះ និងជំរុញការតភ្ជាប់កាន់តែប្រសើរឡើងរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។


- Video Advertisement -