ហេតុអ្វីបានជាចិនគឺជាក្តីសង្ឃឹមធំបំផុតដែលនឹងមកជួយស្ដារទីផ្សារអចលនទ្រព្យកម្ពុជា?
អ្នកជំនាញអចលនទ្រព្យបានវិភាគថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើង ហើយនឹងមានសន្ទុះខ្លាំងជាងមុន ចាប់ពីដើមឆ្នាំ ២០២២ តទៅ ហើយអ្នកវិនិយោគចិនគឺជាក្តីសង្ឃឹមដ៏ធំបំផុតនៃការងើបឡើងវិញនេះ។
លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ហេតុផលទី១ គឺ ដោយសារតែចិននឹងក្លាយជាក្រុមអ្នកវិនិយោគដំបូងដែលនឹងប្រឡប់មកវិញ ក្រោយស្ថានភាពកូវីដប្រសើរឡើង បើធៀបនឹងប្រទេសផ្សេងៗទៀត។
លោកបន្តថា៖ «ជាក់ស្ដែង នៅឆ្នាំ ២០២២ គិតថា ការរឹតបន្តឹងបិទការចេញចូលសម្រាប់ប្រទេសនីមួយៗ នឹងនៅតែបន្ត ពិសេសសម្រាប់ប្រទេសធំៗ ដែលជាកត្តាធ្វើឱ្យលំហូរវិនិយោគិនមកកម្ពុជានឹងត្រូវពន្យារពេលដែរ។ ប៉ុន្តែ សម្រាប់ចិន ទីផ្សារចិនគឺទូលំទូលាយ ហើយអ្នកវិនិយោគមានភាពស្រេកឃ្លានខ្លាំងក្នុងការរកចំណូល»។
«កត្តាទី២ ដែលជំរុញកត្តាទី១ គឺ ៧៨% នៃប្រជាជនចិនសរុប គឺមានអាយុ ៣០ ដល់ ៤៩ឆ្នាំ ដែលជាវ័យដែលចង់ និងហ៊ានវិនិយោគ ហើយជាវ័យដែលចង់ស្វែងរកទិសដៅវិនិយោគថ្មីៗនៅក្រៅប្រទេស។ ជាងនេះទៀត ៦៧% នៃប្រជាជនចិន គឺមានជីវភាពជាមធ្យម ឬ middle class ដែលជាកត្តាធ្វើឱ្យពួកគេក៏សម្លឹងមើលកម្ពុជាដែរ» លោកបានបន្ត។
ដូចគ្នានេះ លោក លឹម សុជាតិ បន្ថែមថា ហេតុផលទី៣ គឺសេដ្ឋកិច្ចចិនក៏មិនបានធ្លាក់ចុះខ្លាំងនោះដែរ ដូចេ្នះហើយតាមជាក់ស្ដែងគឺនឹងត្រូវមានសន្ទុះឡើងវិញរិតតែខ្លាំងជាងមុន។
នៅត្រីមាសទី១ ឆ្នាំ ២០២១ GDP របស់ចិនកើន១៨,៣% ហើយក៏ត្រូវបានព្យាករណ៍ថានឹងកើនជារួមប្រមាណ ៨,១% នៅឆ្នាំ ២០២១ នេះ។ ដូច្នេះរំហូរការវិនិយោគចេញមកក្រៅប្រទេសនឹងបន្តឆាប់ៗ។
«យ៉ាងណាមិញ ហេតុផលទី៤ គឺហេតុអ្វីបានជាយើងរំពឹងថាចិននឹងមកវិនិយោគនៅកម្ពុជាច្រើនជាងមុន។ ចម្លើយគឺ ក្រោយវិបត្តិកូវីដ ក្រុមហ៊ុន ឬរោងចក្រនានា នឹងធ្វើយុទ្ធនាការបើករោងចក្រនៅច្រើនកន្លែងជាមុន ព្រោះពួកគេបានរៀនសូត្រពីការបាត់បង់ទីផ្សារផ្គត់ផ្គង់ក្នុងអំឡុងវិបត្តិកូវីដ។ ជាជាងវិនិយោគនៅប្រទេសតែមួយ ការវិនិយោគនៅច្រើនប្រទេសគឺមានហានិយភ័យទាបជាង» លោក សុជាតិបានពន្យល់។
លើសពីនេះ កម្ពុជាមានសង្ឈឹមច្រើនជាងមុន ដោយសារតែប្រទេសជិតខាងមួយចំនួនកំពុងមានវិបត្តិនយោបាយ ដូច្នេះវិនិយោគិនមួយចំនួនត្រូវតែសម្លឹងមើលមកកម្ពុជា ហើយម្យ៉ាងទៀតកម្ពុជាផ្ទាល់ក៏កំពុងតែត្រៀមចេញច្បាប់វិនិយោគថ្មី ដែលអំណោយផលដល់អ្នកវិនិយោគជាងមុនផងដែរ។
ជាចុងក្រោយ ប្រទេសកម្ពុជាជាប្រទេសដែលមិនទាន់នៅក្នុងលំដាប់ប្រទេសកំពូលៗដែលចិនទៅវិនិយោគនៅឡើយទេ។ ចំណុចនេះគឺល្អ ព្រោះវាបង្ហាញថា កម្ពុជានៅមានឱកាសស្រូបយកអ្នកវិនិយោគបន្ថែមទៀត។ កម្ពុជាមានកត្តាអំណោយផលច្រើនណាស់ដូចជា បរទេសអាចកាន់កាប់អចលនទ្រព្យបាន ការចូលសញ្ជាតិបាន ហើយពិសេសតម្លៃអចលនទ្រព្យនៅទាបជាងប្រទេសដទៃច្រើនណាស់។
ទាក់ទិននឹងការវិលត្រឡប់មកវិញនៃវិនិយោគិនចិននេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនក៏ធ្លាប់បានវិភាគថា ភាពស្ងប់ស្ងាត់នៃការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គ្រាន់តែជាការអស់ខ្យល់នៃរលកវិនិយោគទីមួយប៉ុណ្ណោះ ប៉ុន្តែរលកវិនិយោគទីពីរ និងទីបី ពីប្រទេសចិននឹងហូរចូលមកឆាប់ៗ ក្នុងទ្រង់ទ្រាយធំ និងមានគុណភាពជាងមុន ពោលគឺ ចរន្តវិនិយោគខេត្តនេះទៅអនាគត អាចស្ទុះលឿនជាងមុន ៥ដង។ (អានបន្ថែម)

