ហេតុអ្វីប្រទេសអាស៊ានទាំងនេះប្រឹងពង្រីក និងសង់អាកាសយានដ្ឋានថ្មីៗច្រើនយ៉ាងនេះ?

ជើងមេឃនៃតំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងដំណាក់កាលរបត់ផ្លាស់ប្តូរដ៏សំខាន់មួយ ខណៈដែលប្រទេសអាស៊ានតូចៗតែសម្បូរមនុស្សរស់នៅទាំងនេះ កំពុងចាប់ផ្តើមពង្រីកព្រលានយន្តហោះរបស់ខ្លួនក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងដោយសារព័ត៌មាន Nikkei ថា សមត្ថភាពអ្នកដំណើរសរុបប្រចាំឆ្នាំនៅអាកាសយានដ្ឋានតាមរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចំនួន ៦៥៣លាននាក់នៅឆ្នាំ ២០៣០។ តួលេខនេះ គឺកើនឡើងជិតទ្វេដងបើធៀបនឹងអ្នកដំណើរចំនួន ៣៣៦លាននាក់ដែលបានកត់ត្រាក្នុងខែមករា ឆ្នាំ ២០២៣។ តើកត្តាអ្វីខ្លះដែលជំរុញឱ្យប្រទេសអាស៊ានទាំង៧នេះ ខិតខំពង្រីក កែលម្អ និងសាងសង់ស្ថានីយអាកាសចរណ៍ថ្មីៗ និងធំសម្បើមច្រើនជាងមុនយ៉ាងនេះ?

សង្ខេបគម្រោងសាងសង់និងពង្រីកអាកាសយានដ្ឋានអាស៊ីអាគ្នេយ៍

ប្រទេសថៃ៖ គំនិតផ្តួចផ្តើមពង្រីកមូលដ្ឋាននៅអាកាសយានដ្ឋានសុវណ្ណភូមិ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។ នៅពេលពង្រីករួច ចំណតយន្តហោះថ្មីនេះ អាចផ្ទុកយន្តហោះបានរហូតដល់ទៅ ២៨គ្រឿង និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលដំណើរការពេញលេញ សមត្ថភាពរួមរបស់អាកាសយានដ្ឋានសុវណ្ណភូមិទាំងមូល នឹងកើនឡើង ៣០% ពោលគឺនឹងអាចទទួលអ្នកដំណើរបានរហូតដល់ទៅ ៦០លាននាក់ជារៀងរាល់ឆ្នាំ។ អាកាសយានដ្ឋាននេះ គ្រោងនឹងសាងសង់ស្ថានីយចតយន្តហោះទីពីរ និងផ្លូវរត់ថែមមួយទៀតនៅឆ្នាំ ២០៣០ និងបង្កើនសមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំដល់ ១៥០លាននាក់។ រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​នឹង​ពង្រីក​អាកាសយានដ្ឋាន​ពីរ​បន្ថែមទៀត​គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ដុនមឿង​ក្បែរ​ទីក្រុង​បាងកក និង​អាកាសយានដ្ឋាន​អ៊ូតាប៉ាវ ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​រាជធានី។ សមត្ថភាពសរុបនៃអាកាសយានដ្ឋានទាំងបីនៅក្នុងតំបន់ទីក្រុងថៃ នឹងកើនឡើងដល់ ២០០លាននាក់នៅឆ្នាំ ២០៣០។

វៀតណាម៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (Long Thanh) ត្រូវបានគេព្យាករថាស្ថិតក្នុងចំណោមជាអាកាសយានដ្ឋានដែលមានតម្លៃខ្ពស់លំដាប់ Greenfield ដែលមានតម្លៃខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានគេរំពឹងថានឹងស្វាគមន៍ការហោះហើរលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០៥០។ ពេលសាងសង់រួច ព្រលានយន្តហោះដ៏ធំនេះ នឹងអាចបម្រើអ្នកដំណើរបាន ១០០លាននាក់ និងអាចផ្ទុកទំនិញចំនួន ៥លានតោនក្នុងមួយឆ្នាំ ដែលជាស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់អាស៊ាន។

កម្ពុជា៖ ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីដែលមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានដល់ទៅ ៧លាននាក់ និងអាចដឹកទំនិញបាន ១០,០០០តោនក្នុងមួយឆ្នាំ ហើយដែលត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទីខែតុលា ឆ្នាំ២០២៣នេះ កម្ពុជាក៏កំពុងតែសាងសង់បង្ហើយនូវអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លាតសន្ធឹងលើផ្ទៃដី ២៦.០០០ហិកតា ដែលធ្វើឱ្យវានឹងក្លាយជាព្រលានយន្តហោះធំជាងគេមួយរបស់ពិភពលោកផងដែរ។ អាកាសយានដ្ឋានថ្មីមួយទៀតនៅកោះរ៉ុង ក៏កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យលទ្ធភាពសាងសង់បូករួមនឹងគម្រោងកែលម្អអាកាសចរណ៍ផ្សេងជាច្រើនទៀតទូទាំងប្រទេស ដែលសុទ្ធសឹងតែ​ជា​គម្រោង​ដែល​មាន​គោលបំណង​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា និង​ទាក់ទាញ​ការ​វិនិយោគ​ជា​សាកល​។

ម៉ាឡេស៊ី៖ ខណៈពេលដែលការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Penang ត្រូវបានពន្យាពេលមួយស្របក់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩នេះ ក្រុមហ៊ុនMalaysia Airports Holdings Berhad បច្ចុប្បន្នកំពុងធ្វើការជាមួយអ្នកប្រឹក្សាយោបល់ដើម្បីកំណត់វិសាលភាពនៃការពង្រីកដោយបន្តគម្រោងមហិច្ឆតានេះឡើងវិញ។

សិង្ហបុរី៖ គម្រោងពង្រីកស្ថានីយចុះចតទី ៥ របស់អាកាសយានដ្ឋាន Changi បានផ្អាកមួយរយៈ ដោយសារភាពមិនច្បាស់លាស់នៃជំងឺរាតត្បាតសាកល។ ក្រសួងដឹកជញ្ជូនរបស់ប្រទេសសឹង្ហបុរីបច្ចុប្បន្ន កំពុងវាយតម្លៃដំណើរការគម្រោងដ៏ធំនេះឡើងវិញផងដែរ។

តើមានកត្តាអ្វីខ្លះដែលជំរុញការពង្រីកនៃវិស័យអាកាសចរណ៍អាស៊ីអាគ្នេយ៍ទាំងនេះ?

១. កត្តាកំណើនសេដ្ឋកិច្ច៖ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) រាយការណ៍ពីផលប៉ះពាល់របស់អាកាសចរណ៍ទៅលើសេដ្ឋកិច្ចសកល ដែលក្នុងនោះរាប់ទាំងការហោះហើរត្រង់ ការហោះហើរប្រយោល និងផលប៉ះពាល់ទៅវិស័យទេសចរណ៍ ដែលមានតម្លៃ ៣,៥ ពាន់ពាន់លានដុល្លារ។ តួលេខដ៏គួរឱ្យចាប់អារម្មណ៍នេះ រួមចំណែក ៤,១% ទៅក្នុង GDPរបស់ពិភពលោក ដែលគាំទ្រការបង្កើតការងារបានចំនួន ៨៧,៧ លានកន្លែងទូទាំងពិភពលោក។ ដោយឡែក ទីផ្សារអាកាសចរណ៍នៅអាស៊ីអាគ្នេយ៍ត្រូវបានកំណត់ថា នឹងឈានដល់តម្លៃ ៤៣,៥៧ ពាន់លានដុល្លារនៅឆ្នាំ ២០២៨ ដែលកើនឡើង ៤,៨៤% នៃកម្រិត CAGR។ ប្រទេសនៅតំបន់អាស៊ាន ត្រូវបានគេរំពឹង​ថា​នឹង​មាន​យន្តហោះ​ពាណិជ្ជកម្ម​ថ្មី​ប្រហែល ៣០០០ គ្រឿង​នៅ​ឆ្នាំ ២០៣២ យោងតាមរយបាយការណ៍ របស់ Mordorintelligence។

២. ការកើនឡើងនៃតម្រូវការក្នុងស្រុក៖ វឌ្ឍនភាពសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍បានឈានចូលដល់សម័យកាលមួយដែលកំពុងមានមនុស្សអ្នកមានវណ្ណៈកណ្តាលកំពុងរីកចម្រើនច្រើនជាងមុន ដែលកំណើននេះជាកត្តាចម្បងជំរុញការកើនឡើងនូវតម្លៃសមរម្យសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសកាន់តែច្រើន។ តម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើងជាលទ្ធផល ធ្វើឱ្យការពង្រីកអាកាសចរណ៍ជាវិធានការចាំបាច់ដើម្បីឆ្លើយតប។

. ទាក់ទាញការវិនិយោគ និងអ្នកធ្វើដំណើរ៖ ការពង្រីកអាកាសយានដ្ឋានដែលកំពុងបន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាចំណុចប្រសព្វនៃកត្តាសេដ្ឋកិច្ច សង្គម និងនយោបាយ។ នៅពេលដែលតំបន់បន្តរីកចម្រើន តម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនឹងកើនឡើង ហើយអាកាសយានដ្ឋានគឺជាចំណុចកណ្តាលក្នុងការបំពេញតម្រូវការនេះ។ ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវអាកាសរវាងទីក្រុងជុំវិញប្រទេសក្នុងតំបន់អាស៊ាន ដើរតួជាកាតាលីករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងវិបុលភាពតំបន់។ អត្ថប្រយោជន៍សេដ្ឋកិច្ចនៃអាកាសចរណ៍ រួមមានការបង្កើតការងារ សកម្មភាពសេដ្ឋកិច្ចតាមរយៈដឹកជញ្ជូនតាមផ្លូវអាកាស និងខ្សែសង្វាក់ផ្គត់ផ្គង់របស់វា។ ការស្រាវជ្រាវរបស់ IATA បានរកឃើញភស្តុតាងដែលបង្ហាញថា ការបង្កើន ១០% នៃការតភ្ជាប់ផ្លូវអាកាស នឹងជំរុញកម្រិតផលិតភាពការងារដែលទាក់ទងទៅនឹងចំណូលក្នុងស្រុកសរុប ( GDP) របស់ប្រទេសមួយ បាន 0,0៧%៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]