ឡាវបើកការដ្ឋានសង់ទំនប់វារីអគ្គិសនីដ៏ធំ១ ក្នុងតម្លៃ $៣៦០លាន សម្រាប់នាំចេញអគ្គិសនីទៅប្រទេសវៀតណាម
ទំនប់វារីអគ្គិសនីណាំនឿន១ ដែលមានអនុភាព១២៤មេហ្គាវ៉ាត់ និងទុនវិនិយោគ ៣៦០លានដុល្លារ មានទីតាំងស្ថិតនៅភូមិ Phienghong ស្រុក Nonghet ខេត្ត Xieng Khuang ប្រទេសឡាវ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវកានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ គម្រោងដ៏ធំមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង សម្រាប់នាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាម។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម Phosay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ, ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីខេត្ត Xieng Khuang និង Huaphan និងគណៈគ្រប់គ្រងគម្រោងផងដែរ។
គួរបញ្ជាក់ថា គម្រោងនេះ កំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nam Neun 1 Hydropower Co., Ltd. និងសាងសង់ដោយក្រុមហ៊ុន Vietnam Joint Stock Company 47 (CC47) ក្រោមទុនវិនិយោគប្រមាណ ៣៦០លានដុល្លារ ដែលមានអនុភាពរហូតដល់ ១២៤ មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់ និងដំណើរការនៅចុងឆ្នាំ ២០២៨។
លោក Soulideth Baomanikhot ប្រធានគម្រោងបានលើកឡើងថា៖ «គម្រោងនេះ នឹងត្រូវរចនាឡើងជាទំនប់បេតុងដែលមានប្រវែង ៥៥៣ម៉ែត្រ និងកម្ពស់ ១៣៨ម៉ែត្រ»។ “ការសាងសង់នេះនឹងត្រូវចំណាយពេល ៤ឆ្នាំ ៦ខែ ហើយនៅពេលដែលបញ្ចប់ វានឹងរួមចំណែកយ៉ាងខ្លាំងដល់វិស័យថាមពលរបស់ប្រទេសឡាវ” ។
ជាមួយគ្នានេះដែរ លោក Pham Nam Phong ប្រធានក្រុមហ៊ុន CC47 បានប្តេជ្ញាថា ក្រុមហ៊ុននឹងខិតខំអនុវត្តការងារសាងសង់គម្រោងនេះ ជាមួយនឹងលក្ខណៈស្តង់ដារបច្ចេកទេសខ្ពស់ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់ទំលាប់ និងបទប្បញ្ញត្តិផ្សេងៗរបស់ប្រទេសឡាវ។
លោកបានសន្យាថា៖ «យើងប្ដេជ្ញាចិត្តក្នុងការផ្តល់ជូននូវគម្រោងមួយដែលពោរពេញដោយគុណភាព បច្ចេកវិទ្យា សុវត្ថិភាពបរិស្ថាន និងសោភ័ណភាព»។
នាឱកាសនោះដែរ ឯកឧត្តម Phosay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ ក៏បានរៀបរាប់អំពីគម្រោងនេះថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពល និងសេដ្ឋកិច្ចរបស់ប្រទេសឡាវ។
ឯកឧត្តមបានបន្ត៖ «គម្រោងសង់ទំនប់វារីអគ្គិសនីណាំនឿន១ គឺជាកិច្ចការដ៏សំខាន់ដែលរៀបចំឡើងដើម្បីគាំទ្រដល់ការនាំចេញថាមពលអគ្គិសនីទៅប្រទេសវៀតណាម។ «វានឹងនាំមកនូវអត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែង រួមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀត»។
នៅពេលដែលប្រទេសឡាវចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតានេះ ប្រទេសជាតិមានគោលបំណងមិនត្រឹមតែពង្រឹងសមត្ថភាពនាំចេញថាមពលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។
- Video Advertisement -