អគារថ្មីចំនួន ៣ តម្លៃជាង ៦២លានដុល្លារ ក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ សាងសង់បាន ៧០%
មកទល់ពេលនេះ អគារថ្មីចំនួន ៣ រួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត សាងសង់បាន ៧០% ហើយគ្រោងនឹងបញ្ចប់នៅរយៈពេល ២ខែខាងមុខទៀតផងដែរ។ នេះបើយោងប្រសាសន៍ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទាល់ កាលពីពេលថ្មីៗនេះ។
នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អគារមជ្ឈមណ្ឌលកណ្តាល សង់សរុបសម្រេចបាន ២%, អគារចំណត សង់បាន ៨%, ចំណែកអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង សាងសង់សរុបបាន ៧០% ដោយគ្រោងនឹងបញ្ចប់នៅរយៈពេល២ខែទៀត។
ឆ្លៀតឱកាសនោះ ឯកឧត្តម បានជំរុញក្រុមការងារសំណង់យកចិត្តទុកដាក់ លើការងារសាងសង់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេសសំណង់ សម្រាប់សុខុមាលភាពពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។
ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
ដោយឡែក អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណតនេះ មានបណ្តោយ ៧២ ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨.៥៦៨ ម៉ែត្រក្រឡា ដែលអាចផ្ទុកម៉ូតូ ចំនួន ៤៦៥គ្រឿង រថយន្តចំនួន ៥៤៦គ្រឿង រួមមានអាហារដ្ឋាន ផ្នែកបច្ចេកទេសអេឡិចត្រូនិច និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ឬហៅថា Simulation Center ។
អគារទាំង៣ ខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕ (អានបន្ថែម)
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយក្នុងការលើកកំពស់សេវាសុខភាពក្នុងប្រទេសកម្ពុជា ដោយធានាថាប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសម្ភារៈបរិក្ខារពេទ្យទំនើបៗ និងការព្យាបាល។
នៅពេលដែលការសាងសង់នៅតែបន្ត សហគមន៍ទន្ទឹងរង់ចាំអត្ថប្រយោជន៍ដែលការវិវឌ្ឍន៍ទាំងនេះនឹងនាំមក ដោយពង្រឹងតួនាទីសំខាន់របស់មន្ទីរពេទ្យកាល់ម៉ែតក្នុងប្រព័ន្ធថែទាំសុខភាពជាតិ។
- Video Advertisement -