អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មីតម្លៃជាង ១៩លានដុល្លារ គ្រោងសាងសង់ឆ្នាំក្រោយ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតម្លៃជាង ១៩លានដុល្លារ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងសាងសង់នៅឆ្នាំក្រោយ។ នេះបើយោងតាមលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប កាលថ្ងៃទី ២ សីហា កន្លងមកនេះ។

លោក សារ៉ាត់ បានឲ្យដឹងថា អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានកម្ពស់៤ជាន់ ដែលមានសមត្ថភាពទទួលអ្នកជំងឺបាន ២២០គ្រែ។ អគារថ្មីនេះ ត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាល និងដាក់អ្នកជំងឺសង្គ្រោះបន្ទាន់ ព្រមទាំងជួយពង្រីកសេវាផ្នែកឯកទេសវះកាត់ផងដែរ។

គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅអំឡុងដើមឆ្នាំ២០២១ ដោយនឹងសាងសង់រយៈពេល ២២ខែ។

គួរបញ្ជាក់ផងដែរ គម្រោងនេះស្ថិតក្នុងចំណោមគម្រោង នៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤១,៤លានដុល្លារអាមេរិក។

កាលពីថ្ងៃទី ២៧ កក្កដានេះ ឃើញថាមានគម្រោងមន្ទីរពេទ្យបង្អែកចំនួន ២ ដែលទើបនឹងបើកការដ្ឋានសាងសង់ព្រមគ្នាផងដែរ ក្នុងនោះមាន អគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតម្លៃជាង ២លានដុល្លារ ដែលគ្រោងនឹងបញ្ជប់ការសាងសង់ខែ វិច្ឆិកា ២០២១ និង គម្រោងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃជាង ១,៤លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -