ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៩ ខែ កញ្ញា បានចាប់ផ្តើមបុកគ្រឹះសាងសង់អគារពន្ធដារថ្មីកម្ពស់៣២ជាន់ ស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ ដែលនឹងក្លាយជាទីតាំងនិមិត្តរូបថ្មីក្នុងរាជធានីភ្នំពេញ។
ការចាប់ផ្តើមសាងសង់នេះ គឺធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការទិញដីក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ដើម្បីសាងសង់អគារតម្លៃ ៦០ លានដុល្លារអាមេរិក។ (អានបន្ថែម)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ អគារ «Tax Tower» មានផ្ទៃក្រឡាសាងសង់សរុប ៩៧ ៧០០ ម៉ែត្រក្រឡា នឹងចូលរួមចំណែកលើកកម្ពស់ សោភ័ណ្ឌភាព និងក្លាយជាទីតាំងនិមិត្តរូប ហើយក៏នឹងក្លាយជាទីតាំងបណ្តុំនៃសេវាជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ ដោយមានចំណតប្រមាណជាង ១ ៣០០ ចំណត សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។
អគារ «Tax Tower» នេះ គឺសាងសង់ឡើងក្នុងកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានគូសប្លង់ស្ថាបត្យកម្មដោយក្រុមហ៊ុន Aedas ប្រទេសសិង្ហបុរី និងប្រឹក្សាបច្ចេកទេសគ្រប់គ្រងគម្រោងដោយក្រុមហ៊ុន Oliver & Ho Association ហើយសាងសង់ឡើងដោយក្រុមហ៊ុន Shanghai Construction Group រយៈពេលប្រមាណជា ២៤ខែ។
ជាងនេះទៀត អគារនេះ គឺធ្វើឡើងស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ«ប្រើស្លឹកត្នោត ដើម្បីខ្ចប់ស្ករត្នោត» ដែលមានន័យថា សាងសង់ឡើងដើម្បីផ្គត់ផ្គង់តម្រូវការ និងអាចទទួលបានចំណូលត្រឡប់មកវិញ។
ក្នុងន័យនេះ អគារ «Tax Tower» គឺជាការវិនិយោគដើម្បីផ្គត់ផ្គង់តម្រូវការ និងអាចទទួលបានចំណូលត្រឡប់មកវិញតាមរយៈការជួលការិយាល័យ និងទីតាំងពាណិជ្ជកម្ម ដើម្បីប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ដំណើរការថែទាំងអគារ ដោយពុំចាំបាច់ស្នើសុំថវិកាបន្ថែម ពីរាជរដ្ឋាភិបាលសម្រាប់ការផ្គត់ផ្គង់ដំណើរការថែទាំអគារឡើយ។
ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារថ្មីមានទីតាំងផ្តល់សេវាជូនអ្នកជាប់ពន្ធ ហើយមានបណ្តុំនៃផ្សារទំនើប ធនាគារជាដៃគូរក្នុងការផ្តល់សេវាទទួល និងបង់ប្រាក់ពន្ធ ក្រុមហ៊ុនសហគ្រាសនានា ដែលផ្តល់សេវាគាំទ្រផ្នែកពន្ធដារ ក្នុងនោះរួមមាន ក្រុមហ៊ុនផ្តល់សេវាផ្នែកគណនេយ្យនិងពិគ្រោះយោបល់ និងភ្នាក់ងារសេវាកម្មពន្ធដារ។



រូបភាពគោលដោយ អគ្គនាយកដ្ឋានពន្ធដារ