អង្គការភ្លែន ប្តេជ្ញាបន្តជួយកម្ពុជាអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកញ្ចប់ថវិកា ៣០លានដុល្លារ

 

អង្គការភ្លែនអន្តរជាតិ (Plan International) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបន្តគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទរយៈពេល ២៤ឆ្នាំ (គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២៧)  ដោយប្រើប្រាស់ថវិកាចំនួន ៣០លានដុល្លារ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានអនុវត្តលើគម្រោងគាំទ្រការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, សុខភាព និងអាហារូបត្ថម្ភ និងការចូលរួមរបស់កុមារកម្ពុជា។ ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោកស្រី GWYNNETH WONG នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក៏ប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជាឱ្យរិតតែមានភាពស្អិតល្មួតបន្ថែមទៀត។

ការប្តេជ្ញាចិត្តនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោកស្រី Gwynneth Wong នាយិកាអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា និង ឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានរំលឹកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងជាមួយអង្គការភ្លែនអន្តរជាតិនាពេលកន្លងមក ហើយឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

បើតាមក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក អង្គការភ្លែនអន្តរជាតិ តែងតែបានរួមចំណែកក្នុងការជួយនៅតំបន់ជនបទ ក្នុងវិស័យអប់រំ សុខភាព និងអនាម័យ ទឹកស្អាតជនបទ។ លើសពីនេះ អង្គការភ្លែន ក៏បានចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅប្រទេសកម្ពុជាថែមទៀត។

ក្រសួងបន្តថា បច្ចុប្បន្នកម្ពុជាសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថាននិរន្ដរភាព។

ការប្ដេជ្ញាចិត្តរបស់អង្គការភ្លែនលើកនេះ បានគូសបញ្ជាក់ពីទស្សនៈវិស័យរួមគ្នាសម្រាប់អនាគតដែលបានកសាងឡើងដោយផ្អែកលើភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក ដើម្បីបង្កើនគុណភាពជីវិតនៅក្នុងសហគមន៍ជនបទរបស់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ហុងកុង ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហការធនធានទឹក និងឧតុនិយមបន្ថែមទៀត

ក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសង្កេតឧតុនិយមជា […]

ទីក្រុងនិងស្រុករបស់កម្ពុជាចំនួន៥ ជាប់ជាទីក្រុងដែលមាននិរន្តរភាពបរិស្ថានប្រចាំអាស៊ាន ឆ្នាំ២០២៥

ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់កម្ពុជា បានទទួលពានរង្វ […]

ចិន ចង់វិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងវិស័យកម្មន្តសាលវាយន្តសាលនៅកម្ពុជា

គណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួ […]

រយៈពេល ៧ខែនេះ រដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការបញ្ចេញសំណល់ពុលរាវបាន ១០លានម៉ែត្រគូប

យ៉ាងហោចណាស់សំណល់រាវពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា រហ […]

កម្ពុជា និង UNESCO ប្តេជ្ញារួមគ្នាពង្រឹងការងារអភិរក្សប្រភពទឹកក្រោមដីនៅតំបន់ដីសណ្ដទន្លេមេគង្គ

ក្រសួងបរិស្ថាន និងអង្គការយូណេស្កូប្រចាំកម្ពុជា ប្តេជ្ញា […]