អនុស្ថានីយអគ្គិសនីនៅកោះកុង ឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតសំណង់ឆ្នើមអន្តរជាតិ ២០២១
គម្រោងអនុស្ថានីយអគ្គិសនី នៅខេត្តកោះកុងរបស់ក្រុមហ៊ុន Pestech International Berhad បានជាប់ឈ្មោះជាបេក្ខភាពក្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្តនៃកម្មវិធីប្រកួតសំណង់ឆ្នើមអន្តរជាតិ ឬ Bentley 2021 Going Digital Awards in Infrastructure ថាជាគម្រោងឆ្នើមដែលមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង់សំណង់បែបឌីជីថល បានដោយប្រសិទ្ធភាពបំផុត។
ជ័យលាភីនេះ បានឆ្លុះបញ្ចាំងពីការបោះជំហានរបស់កម្ពុជាឆ្ពោះទៅរកឌីជីថលក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
តាមរយៈការសម្ភាសន៍ផ្តាច់មុខដោយ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ លោក Afiq Rosli វិស្វករនៅគម្រោង បានលើកឡើងថា ការឈ្នះជាបេក្ខភាពចុងក្រោយចេញពីអ្នកប្រកួតជាង ៣០០គម្រោង ពីទូទាំង ៤៥ ប្រទេស គឺជាជ័យលាភី និងសមិទ្ធិផលដ៏ធំមួយ មិនត្រឹមតែសម្រាប់ Pestech ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាផងដែរ។
លោកបន្តថា នេះគឺជាជំហានតូចៗ ដែលបង្ហាញថា និន្នាការប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណង់បែបឌីជីថល កំពុងតែកើនឡើងបន្ដិចម្ដងៗនៅកម្ពុជា។
គម្រោងនេះស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសថៃ និងកម្ពុជា ដែលផ្តល់ថាមពលដល់ភូមិតាមជនបទចំនួន ១១ភូមិ។ គម្រោងនេះមានតម្លៃ ២លានដុល្លារអាមេរិក ហើយត្រូវសាងសង់ឡើងក្នុងរយៈពេល ៣៨ ខែ។
លោក Afig បានឱ្យដឹងថា៖ «ជាមួយនឹងកញ្ចប់ថវិកាតូច និងពេលសាងសងសង់ខ្លី ការរចនាប្លង់ និងការគ្រប់គ្រងដោយដៃ ឬដោយកម្មវីធី offline ធម្មតាៗ គឺចំណាយពេលច្រើន និងងាយមានកំហុស។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តប្រើកម្មវិធីឆ្លាតវៃរបស់ Bentley»។
Pestech បានជ្រើសរើសកម្មវិធី OpenUtilities និង OpenBuildings ជាកម្មវិធីគោល ចាប់ពីដំណាក់កាលគូរប្លង់ គ្រប់គ្រងសំណង់ ត្រួតពិនិត្យកំហុសដែលមិនអាចមើលឃើញដោយភ្នែក គ្រប់គ្រងចំណាយ និងគុណភាព ក៏ដូចជាការងារដទៃទៀតផលដែរ។
“ការប្រើកម្មវិធីទាំងនេះ អាចលុបបំបាត់កំហុស និងបង្កើនគុណភាពបានយ៉ាងច្រើន ។ កម្មវិធីនេះ ជួយឱ្យការរចនាប្លង់ធ្វើបានលឿនជាងមុនដល់ទៅ ៥០% ហើយបានកាត់បន្ថយកំហុស និងការកែប្លង់បានដល់ទៅ ៦០%»។
គួរបញ្ជាក់ថា គម្រោងស្ថានីយកោះកុងនេះជាគម្រោងនៅកម្ពុជាទី ២ ដែលឈ្នះការប្រកួតរបស់Bentley។ នៅឆ្នាំ 2017 ស្ថានីយ និងប្រព័ន្ធបញ្ជូនថាមពល ២៣០ គីឡូវ៉ុល នៅខេត្តក្រចេះ និងកំពង់ចាម ក៏បានឈ្នះពានរង្វាន់ជ័យលាភីឆ្នើមក្នុងកម្មវិធីនេះផងដែរ។

