អភិបាលក្រុងភ្នំពេញ ជម្រុញឱ្យសាងសង់មន្ទីរពេទ្យទំនើបៗ ព្យាបាលជំងឺមហារីកបន្ថែម
អភិបាលក្រុងភ្នំពេញ ចង់ឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យផ្នែកមហារីកបន្ថែម ខណៈមន្ទីរពេទ្យរដ្ឋ និងឯកជននានាដែលមានស្រាប់ គួរតែបំពាក់បរិក្ខារទំនើបៗបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ ពិសេសមហារីក។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធបើកដំណើរការមន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នេះ។
ឯកឧត្តម មានប្រសាសន៍ថា៖ «ចង់ឱ្យមន្ទីរពេទ្ររដ្ឋ និងឯកជននានា មានបំពាក់សម្ភារៈបរិក្ខារពេទ្យ និងម៉ាស៊ីនទំនើបៗ ដើម្បីបម្រើក្នុងវិស័យសុខាភិបាល ពិសេសសម្រាប់អ្នកជំងឺសម្រាកព្យាបាលមហារីកឱ្យកាន់តែសម្បូរបែប»។
គួរបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ០៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មន្ទីពេទ្យនេះ ផ្តោតលើឯកទេសមហារីក និងឈាម ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយគេបង្អស់ពីអឺរ៉ុប និងអាមេរិក ដើម្បីរួមចំណែកផ្តល់សេវាព្យាបាលជំងឺនេះ និងជួយសម្រាលបន្ទុកអ្នកជំងឺដែលទៅទទួលសេវានៅក្រៅប្រទេស ដែលត្រូវចំណាយច្រើន និងពិបាកទំនាក់ទំនង៕

