អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥
អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក នេះបើយោងតាមការលើកឡើងដោយសារព័ត៌មាន CNN។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះត្រូវបានប្រកាសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។
ប្រភពដដែលនេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់។ អាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមដឹកអ្នកដំណើរបានចំនួន ១៣លាននាក់ក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៣០លាននាក់។
ប្រភពខាងលើបន្ថែមថា សំណង់ស្ថាបត្យកម្មមួយនេះ នឹងក្លាយជាសំណង់ធំមួយក្នុងចំណោមសំណង់ដទៃទៀតនៅអាស៊ីអាគ្នេយ៍ ខណៈដែលសំណង់នេះ នឹងប្រើប្រាស់ថាមពលសូឡាចេញពីដំបូលអគារ ដែលក្លាយជាអាកាសយានដ្ឋានអន្តរជាតិប្រើប្រាស់ថាមពលបៃតងធំជាងគេក្នុងចំណោមសំណង់ស្ថាបត្យកម្មដទៃទៀតក្នុងលោក។
លើសពីនេះ សំណង់នេះ ត្រូវបានសាងសង់ឡើងទៅតាមរចនាបថប្រពៃណីខ្មែរ ដែលនៅលើដំបូលអគារបំពាក់ដោយសំណង់ឈើ។
បើមើលតាមការស្កែនពីបច្ចេកវិទ្យាឌីជីថល បានបង្ហាញថា របាដែកខាងលើនឹងស្រូបពន្លឺថ្ងៃ សម្រាប់ជួយបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតង ខណៈពេលដែលអ្នកដំណើរនឹងទៅដល់ច្រកទ្វារចេញតាមរយៈស្លាបពីរដែលមានរាងដូចខ្យល់។
ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ CNN ក៏បានចាត់ទុកសំណង់ស្ថាបត្យកម្មដ៏លេចធ្លោចំនួន ១០ផ្សេងទៀត ក្នុងការកែប្រែមុខមាត់ពិភពលោក រួមមាន៖ ផ្សារត្រី New Sydney នៅទីក្រុង Sydney អូស្រ្តាលី, សាលពិពណ៍ Grand Ring នៅទីក្រុងអូសាកា ប្រទេសជប៉ុន, អគារ Life and Mind របស់សកលវិទ្យាល័យ Oxford, សាលារៀន Canadian School របស់ប្រទេសម៉ិកស៊ិក, ស្ថានីយដឹកជញ្ជូនអ្នកដំណើរ South Station ក្នុងទីក្រុង Boston នៅសហរដ្ឋអាម៉េរិក, មជ្ឈមណ្ឌល Goethe-Institut របស់ប្រទេសសេណេហ្កាល់, អគារ Urban Glen នៅទីក្រុង Hangzhou របស់ប្រទេសចិន, ស្ថានីយមេត្រូ នៅទីក្រុងរីយ៉ាដ, មជ្ឈមណ្ឌល Skypark របស់លុចសំបួរ និងស្ពាន Danjiang របស់តៃវ៉ាន់។
គួរបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៩0ភាគរយ និងត្រៀមបើកដំណើរការនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥នេះ។ (អានបន្ថែម)
- Video Advertisement -