អាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់បានទាក់ទាញវិនិយោគខ្លាំង ទីផ្សារ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ

ស្របពេលដែលកំណើននៃវិស័យសំណង់លំនៅដ្ឋាននឹងអគារការិយាល័យមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា ការបណ្តាក់ទុនអាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗក៏នឹងកំពុងមានការកើនឡើងផងដែរ។

ជាក់ស្តែងណាស់ កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុម័តសំណើគម្រោងវិនិយោគរបស់ក្រុមហ៊ុន TGH (Cambodia) Industrial Co., Ltd. ទន្ទឹមនឹងនេះដែរពួកគេក៏អាចជួយបង្កើតការងាររហូតដល់ទៅ ១.០៧៨កន្លែង។

គម្រោងវិនិយោគរបស់ក្រុមហ៊ុន TGH គឺមានគោលបំណងដើម្បីបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ឧបករណ៍ដឹកជញ្ជូន និងឧបករណ៍ប្រើប្រាស់ធ្វើអំពីលោហៈធាតុដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នទីផ្សារគ្រឿងសង្ហារឹមនៅក្នុងប្រទេសកម្ពុជាគឺកំពុងតែមានការរីកលូតលាស់ខ្លាំង និងមានក្រុមហ៊ុនជាច្រើនបានវិនិយោគទៅលើវិស័យគ្រឿងសង្ហារឹមនឹងសម្ភារសំណង់ផ្សេងៗដើម្បីបំពេញតម្រូវការទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជា។ ថ្មីៗនេះដែរ ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមរបស់ចិន Chengdu Bayi Furniture Group ក៏ទើបនឹងបានបើកសម្ពោធផ្សារសំណង់ដ៏ធំសម្បើមមួយនៅក្នុងខេត្តកណ្តាលផង។ អានបន្ថែម

សូមបញ្ជាក់ផងដែរថា យោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបាននាំចូលសម្ភារគ្រឿងសង្ហារឹមគ្រប់ប្រភេទសរុបជាទឹកប្រាក់ប្រមាណជាង ១,៨ ប៊ីលានដុល្លារអាមេរិក។

- Video Advertisement -