អាជ្ញាធរជាតិអប្សរាបន្តជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន តាមរចនាបទស្ថាបត្យកម្មបុរាណ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ តាមបែបបុរាណ ខណៈការជួសជុលលើកទី១ បានបញ្ចប់កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
គោលបំណងនៃការជួសជុលនេះ គឺពង្រឹងផ្នែកដែលខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំឡើងវិញ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។
គម្រោងជួសជុលនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ នេះ ដែលកំពុងអនុវត្តនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័នទំហំ ១៥,២០ម៉ែត្រ គុណនិង១៥,២០ម៉ែត្រ។
លោក ជា សារិទ្ធ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងនេះ បានឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។
លោក ជា សារិទ្ធ បានបន្ថែមថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ ជាអ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។ បច្ចុប្បន្ននេះ សម្រេចបាន ៣០ទៅ ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ ហើយបន្តទៅខឿនជាន់ទី២។ រីឯ ជណ្តើរខាងកើត ក្រុមការងារកំពុងរៀបចំបាន ៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន៤កាំ នៅសល់កាំទី៥ និងខឿនជាន់ទី១ និងទី២ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងការជួសជុលដំណាក់កាលទី១ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលខឿនកណ្តាលមានទំហំបណ្តោយប្រវែង២១,៦០ម៉ែត្រ គុណនិង២១,៦០ម៉ែត្រ និងរចនាសម្ពន្ធកាំជណ្តើរចុះទៅកាន់ប្រាសាទព្រះខ័នផងដែរ។
- Video Advertisement -