អាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់តាមបណ្ដាយផ្លូវសំខាន់២

អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់ តាមបណ្តោយផ្លូវសំខាន់ៗចំនួន២ រួមមាន មហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទាំង ២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

រដ្ឋបាលខណ្ឌទួលគោក នឹងដាក់ចេញវិធានការក្តៅចំពោះអាជីវករណា ដែលនៅតែរឹងរូសយកមហាវិថីម៉ៅសេទុងលក់ដូរអាណាធិបតេយ្យលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ដែលបង្កដល់ការកកស្ទះចរាចរណ៍ និងសោភ័ណភាពទីក្រុង។

ដោយឡែក ផ្លូវជាតិលេខ២១ វិញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះកាត់សំយ៉ាបដែលលយមកលើផ្លូវសាធារណៈ ព្រមទាំងកាយដី ឬបេតុង ដែលបានចាក់ខ្ពស់ជាងផ្លូវ និងរុះរើសំណង់អាណាធិបតេយ្យតាមបណ្តោយចិញ្ចើមផ្លូវ។

អាជ្ញាធរ ក៏តម្រូវឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវថយចូលចំនួន ៣ម៉ែត្រ សងខាង ពីផ្លូវជាតិលេខ២១ ជាបណ្តោះអាសន្នសិន ហើយអាជ្ញាធរនឹងជូនដំណឹងបន្ថែម ប្រសិនរដ្ឋមានតម្រូវបន្ថែម។

- Video Advertisement -