អាមេរិកកៀរគរទុនជាង $៦០០ពាន់លាន សង់ផ្លូវភ្ជាប់ពីអឺរ៉ុបមកអាស៊ី ដើម្បីប្រជែងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

សហរដ្ឋអាមេរិក សហការជាមួយប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហភាពអឺរ៉ុប និងដៃគូ G20 ផ្សេងទៀត បានបង្ហាញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរទ្វីបដ៏ធំ ដែលមានការប៉ាន់ស្មានថាត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៦00 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆតានេះ មានគោលបំណងបង្កើតបណ្តាញសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ទូលំទូលាយ ដើម្បីប្រកួតប្រជែងនឹងគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ដ៏មហិមារបស់ប្រទេសចិន នេះបើយោងតាមព័ត៌មានរបស់ cfr ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣។

កិច្ចព្រមព្រៀងគោលការណ៍នេះត្រូវបានបានចុះហត្ថលេខានៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី បង្ហាញពីយុគសម័យថ្មីនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកល។ យោងតាមលោក Jon Finer ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ដែលអមដំណើរលោកប្រធានាធិបតី Joe Biden​ នៅក្នុងកិច្ចប្រជុំកំពូលនោះ គម្រោងដ៏ធំនេះគ្របដណ្តប់លើផែនការអភិវឌ្ឍដ៏ទូលំទូលាយ រួមមាន ការវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងផ្លូវសមុទ្រ ត្រៀមខ្លួនដើម្បីបើកផ្លូវពាណិជ្ជកម្ម និងសម្រួលដល់លំហូរទំនិញដោយរលូន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះរួមបញ្ចូលការបណ្តាក់ទុនរួមគ្នានៅក្នុងវិស័យថាមពល និងការគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យាទំនើបផងដែរ។

ចំណុចចាប់ផ្តើមនៃគម្រោងដ៏មហិមានេះ ផ្តោតលើការពង្រឹងការតភ្ជាប់ផ្លូវដែកឆ្លងកាត់ប្រទេសអារ៉ាប់ ដោយលាតសន្ធឹងចូលទៅក្នុងឈូងសមុទ្រពែក្ស និងភ្ជាប់ចូលទៅដល់ប្រទេសអ៊ីស្រាអែល។ ចក្ខុវិស័យដ៏អស្ចារ្យនេះ ក៏រួមបញ្ចូលផងដែរនូវការពង្រីកផ្លូវសមុទ្រ ការប្រើប្រាស់កំពង់ផែរបស់ប្រទេសឥណ្ឌា និងអ៊ីស្រាអែល ដើម្បីបង្កើតទំនាក់ទំនងដ៏សំខាន់ជាមួយបណ្តាប្រទេសអឺរ៉ុប។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Mitchell បានគូសបញ្ជាក់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិកនេះថា “វានឹងបង្កើតការតភ្ជាប់ដោយផ្ទាល់ និងសំខាន់រវាងឥណ្ឌា និងអឺរ៉ុប ដោយឆ្លងកាត់តំបន់អារ៉ាប់ និងអាស៊ីបស្ចិម។”

លោក Michael Kugelman អ្នកជំនាញខាងតំបន់អាស៊ីខាងត្បូងនៅមជ្ឈមណ្ឌល Wilson Center បានកត់សម្គាល់ថា “គម្រោងពង្រីករបស់សហរដ្ឋអាមេរិកនេះ ត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ ដើម្បីប្រកួតប្រជែងជាមួយការខិតខំប្រឹងប្រែងនៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ One Belt One Road របស់ប្រទេសចិន។”

ទាក់ទងនឹងការប្រៀបធៀបគម្រោងទាំងពីរនេះ លោកប្រធានាធិបតីអាមេរិក ចូ ប៉ៃដិន ( Joe Biden) ក៏ធ្លាប់បានរិះគន់ពីគំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិនយ៉ាងធ្ងន់ៗផងដែរ ដោយចាត់ទុក “គម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននេះ គ្រាន់តែជាយុទ្ធសាស្ត្រពង្រីក និងបម្រើតែផលប្រយោជន៍ចិនតែប៉ុណ្ណោះ។”

លោក​បាន​គូសបញ្ជាក់​ពី​បញ្ហានៃគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននេះ ជារឿយៗ​ ប្រទេស​ដែល​ចូលរួមជាច្រើនជំពាក់បំណុលចិន ហើយប្រឈមនឹង​ហានិភ័យបាត់បង់​អធិបតេយ្យភាព​របស់​ខ្លួនដោយសារជាប់បំណុលចិនវណ្ឌក។

គួរំលឹកថា កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ គេសម្គាល់ឃើញ​ថា​ជា​គំនិត​ផ្តួចផ្តើម Build Back Better World (B3W) គឺជាឈ្មោះថ្មី​នៃគំនិតផ្តួចផ្តើម “​ភាពជា​ដៃគូ​សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សកល (Partnership for Global Infrastructure and Investment , PGII)” ដែលលោកចូ បៃដិន បានស្នើឡើងកាលពីឆ្នាំ២០២១។ តាមរយៈគំនិតផ្តួចផ្តើមនេះ សេតវិមានក៏ធ្លាប់បានប្រកាសពីផែនការចាយប្រាក់ ២០០ពាន់លានដុល្លារសម្រាប់ PGII ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយរួមបញ្ចូលគ្នានូវជំនួយ ហិរញ្ញប្បទានសហព័ន្ធ និងការវិនិយោគផ្នែកឯកជន។ ក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស G7 គោលដៅដ៏មានមហិច្ឆតានេះ គឺធ្វើយ៉ាងណាកៀរគរថវិកា ឱ្យបានចំនួន ៦០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៧ ដើម្បីយកមកចូលរួមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]