អាមេរិកប្រកាសផ្តល់ថវិកាជាង ៥៥លានដុល្លារ ជួយអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួនជាង ៥៥លានដុ​ល្លា​រ សម្រាប់ជួយអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា៖ ពង្រឹងសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សុខុមាសភាព ការវិនិយោគ និងការបោសម្អាតមីន​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០២៤ របស់​​ USAID។

ទាក់ទងនិងជំនួយខាងលើ អ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID សកល បានឱ្យដឹងថា ការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិក គឺសម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាលើសន្តិសុខស្បៀង ការអភិរក្សបរិស្ថាន សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដូចខាងក្រោម៖

ទី១_តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ២៩លានដុល្លារ ស​ម្រាប់កម្មវិធី “ស្បៀងដើម្បីភាពជឿនលឿន”  ដោយផ្តោតសំខាន់លើការងារពង្រឹងវិស័យសុខភាព និងការរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជាតាមរយៈការលើកកម្ពស់ការអនុវត្តសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាឆ្លាតវៃ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការកែលម្អទំនាក់ទំនង​ទីផ្សារ។

ទី២_ជំនួយដល់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៖ ជាង 6 លានដុល្លារ នឹងត្រូវបញ្ជូនទៅក្នុងសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ការការពារជីវចម្រុះដ៏សម្បូរបែបនៃទន្លេមេគង្គក្រោម។

ទី៣_ជំនួយផ្នែកការងារ និងពិការភាព៖ ក្រសួងការងារសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ៣លានដុល្លារ ដើម្បីជួយដល់ប្រជាជនកម្ពុជាដែលធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក និងដោះស្រាយឧបសគ្គនានាទាក់ទងនឹងពិការភាព។

លើសពីនេះ អ្នកស្រី Power ក៏សង្កត់ធ្ងន់លើវិស័យសុខុមាលភាពផងដែរ ដោយបានប្រកាសពីគំនិតផ្តួចផ្តើមថ្មី ដើម្បីនឹងជួយពង្រឹងសន្តិសុខសុខភាពរបស់កម្ពុជា តាមរយៈកម្មវិធី COMMIT2 ថ្មី រយៈពេលប្រាំឆ្នាំរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID សហការជាមួយអង្គការ KHANA ដែលនឹងលើកកម្ពស់ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅកម្ពុជា។

គំនិតផ្តួចផ្តើមសំខាន់ៗនៅក្នុងកម្មវិធីនេះរួមមាន៖

ទី១_ USAID នឹងប្រើប្រាស់ទឹកប្រាក់ ៤ លានដុល្លារ ក្នុងឆ្នាំដំបូងរបស់ខ្លួន ផ្តោតលើការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការបង្ការក្នុងសហគមន៍មូលដ្ឋាន។​

ទី២_ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏កំពុងវិនិយោគជាង ១លានដុល្លារ ដើម្បីវាយតម្លៃកម្រិតនៃលោហធាតុធ្ងន់ដូចជាសារធាតុសំណ និងអាសេនិចនៅក្នុងខ្លួនកុមារ ស្ត្រីមានផ្ទៃពោះ បរិស្ថាន និងផលិតផលនានា ហើយចាត់វិធានការ ដើម្បីជួយបង្ការការប៉ះពាល់នៃសារធាតុទាំងនេះនាពេលអនាគត។

ទី៣_ USAID ក៏បានផ្តល់ជំនួយសម្រាប់សមកម្មភាពបោសម្អាតមីន និងការអប់រំពីហានិភ័យមីនសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍នៅកម្ពុជា​ដែលមានថវិកាសរុបចំនួន ១២លានដុល្លារ។ បើគិតមកទល់ពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានជួយបោសសម្អាតមីននៅកម្ពុជាបានចំនួន ១,៥លានគ្រាប់ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៣ម៉ឺនហិកតា។

គួរបញ្ជាក់ថា ការវិនិយោគលើវិស័យទាំងនេះ គឺជាសក្ខីភាពនៃកិច្ចសហការរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ជាមួយប្រទេសកម្ពុជា ដោយធ្វើការរួមគ្នាដើម្បីកែលម្អវិស័យសុខាភិបាល សុវត្ថិភាព និងលើកកម្ពស់ឱកាសនានាសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]