អារ៉ាប់ប៊ីសាអូឌីត ប្តេជ្ញារួមសហការជាមួយកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ៗ
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តមប្រធានសភា បានឱ្យដឹងថា ទស្សនកិច្ចផ្លូវការនេះ គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។ ឯកឧត្តម ចាត់ទុកកម្ពុជា ជាប្រទេសដែលមានសក្តានុពល ហើយកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងគោលដៅធានាកំណើនប្រកបដោយចីរភាពក្នុងការឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ដោយសម្តេចបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។
សម្តេចបន្តថា ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា បាននិងកំពុងភ្ជាប់ទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីពង្រីកការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។
តាមរយៈជំនួបពិភាក្សាខាងលើនេះ ប្រទេសទាំងពីរ ក៏បានផ្តោតកិច្ចពិភាក្សាគ្នា ក្នុង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម, កសិកម្ម, វប្បធម៌, ទេសចរណ៍ និងអាកាសចរណ៍ជាដើម។ ភាគីទាំងពីរ ក៏បានឯកភាព និងលើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធ និងសកម្មបន្ថែមទៀត ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
- Video Advertisement -