អាល្លឺម៉ង់ បង្ហាញការប្ដេជ្ញាចិត្តជួយជំរុញការវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ (APLAC) បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការចូលរួមគាំទ្រជំរុញការវិនិយោគក្នុងវិស័យអាទិភាពនានា។
នេះបើយោងតាមជំនួបរវាងឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Matthias Giegerich អគ្គនាយកទទួលបន្ទុកតំបន់អាស៊ី ប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការាបៀននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ (APLAC) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាលើទិសដៅយុទ្ធសាស្រ្តរបស់គម្រោងការលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសនៅកម្ពុជា ដំណាក់កាលទី២ (ICONE Phase II) និងការផ្លាស់ប្តូរទស្សនៈលើកិច្ចការរៀបចំកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ដែលនឹងប្រព្រឹត្តិទៅ នៅខែវិច្ឆិកា ២០២៥ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោក Matthias Giegerich បានផ្លាស់ប្តូរទស្សនៈទៅលើទិសដៅនៃកិច្ចសហប្រតិបត្តិការ និងកម្មវិធីអភិវឌ្ឍន៍របស់អាល្លឺម៉ង់ដោយផ្អែកលើផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគោលដៅ និងវិស័យអាទិភាពរបស់កម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ព្រមទាំងទិសដៅយុទ្ធសាស្រ្តសម្រាប់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ទន្ទឹមគ្នានេះ ភាគីអាល្លឺម៉ង់ ក៏បានគូសបញ្ជាក់ពីការបន្តនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមគាំទ្រការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចផងដែរ។
គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបានកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ (អានបន្ថែម)
- Video Advertisement -