អាហ្រ្វិកខាងត្បូង ចង់ជំរុញពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈនាំចូលទំនិញកសិកម្មរបស់ខ្លួន ៤ប្រភេទ មកកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅកម្ពុជា Darkey Ephriam Africa បានប្រកាសពីផែនការរបស់ខ្លួនដោយចង់នាំចូលផលិតផលកសិកម្មចំនួន ៤ប្រភេទ មកទីផ្សារកម្ពុជា ក្នុងនោះរួមមាន ផ្លែប៉ោម ដូង សាលី និងប៊្លូបឺរី។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត អាហ្រ្វិកខាងត្បូង បានឱ្យដឹងថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនការដោះដូរទំនិញសក្តានុពលទៅវិញទៅមករវាងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសការនាំចេញទំនិញកសិកម្មសក្តានុពលរបស់ខ្លួនមកកម្ពុជា ដែលមានដូចជា៖ ផ្លែប៉ោម ដូង សារី និងប៊្លូបឺរីជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍លើសំណើទាំងនេះ និងស្នើភាគីទាំងពីរគួរពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំជំនួបធុរកិច្ចរវាងវិស័យឯកជន និងពិព័រណ៍ពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធនឹងទំនិញអង្ករ ដែលជាតម្រូវការរបស់ភាគីអាហ្វ្រិកខាងត្បូងផងដែរ។
តាមរយៈជំបួបនេះ ក្រសួងពាណិជ្មកម្ម ក៏បានស្នើឱ្យទូតអាហ្រ្វិកខាងត្បូង ជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនិងធុរកិច្ចនៅកម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដើម្បីអាចទាញយកអត្ថប្រយោជន៍ពាណិជ្ជកម្មជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគីជាមួយកម្ពុជា ដែលជាយន្តការដ៏សំខាន់ នឹងជួយពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅពេលដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការលើកកម្ពស់ឱកាសពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏រុងរឿង៕
- Video Advertisement -