អូស្ត្រាលីជួយកម្ពុជាលើកកម្ពស់ផាសុកវត្ថុរូបវន្តសម្រាប់ជនមានពិការភាព

ប្រទេសអូស្ត្រាលី បានគំាទ្រកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវផាសុកវត្ថុរូបវន្តសម្រាប់ជនពិការភាព តាមរយៈ​សិក្ខា​​សាលាស្តី​ពី​ការរចនា​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ដែលបង្កលក្ខណៈ​ងាយស្រួល​សម្រាប់ជន​មាន​ពិការ​ភាព។

នេះបើតាម​​​សិក្ខា​សាលា ធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រោមការគាំទ្ររបស់​កម្មវិធីកិច្ចសហប្រតិបត្តិការ​អូស្ត្រាលី-កម្ពុជា សម្រាប់​សេវាកម្ម​ប្រកប​ដោយ​​​​​​និរន្តរភាព (ACCESS)។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត និង​លើក​ទឹកចិត្ត​សិស្សនិស្សិត វិស្វកម្ម និងស្ថាបត្យកម្ម ឱ្យចូលរួមក្នុងការប្រកួតប្រជែងការរចនា​តាក់តែងគំរូផាសុ​ក​វត្ថុ​រូប​វន្ត​សម្រាប់​ជនមាន​ពិការ​ភាព​។

កម្មវិធីសហប្រតិបត្តិការនេះ​ បានដាក់ចេញនូវការផលិតឈុត​គំនូរជីវចល​ចំនួន៥ ដើម្បីលើក​កម្ពស់​​ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃបទដ្ឋានបច្ចេកទេសហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត និងការសាងសង់​ជម្រាល​​សម្រាប់​ជនមាន​ពិការ​ភាព​​ចំនួន ២៥កន្លែង ដែលជាគំរូប្រកបដោយផាសុកវត្ថុរូបវន្ត។

គួរបញ្ជាក់ថា កន្លងមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និង​ឯក​ជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានា​របស់​ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ (អានបន្ថែម)

- Video Advertisement -