អ្នកជំនាញ៖ កម្លាំងសេដ្ឋកិច្ចកម្ពុជា ២០២៤ វាស់ដោយសូចនាករ០២៖ កម្រិតកំណើនឥណទានធ្លាក់ចុះ ខណៈអត្រាកម្ចីមិនដំណើរការ NPLRs កើនខ្លាំង

ក្នុងការវិភាគពីសេដ្ឋកិច្ចរបស់ប្រទេសមួយ មានសូចនាករបច្ចេកទេសសំខាន់យ៉ាងហោចណាស់ចំនួន ០២ សម្រាប់វាស់កម្រិតភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងកម្លាំងទ្រនៅពីក្រោយកំណើនសេដ្ឋកិច្ចណាមួយ។ សូចនាករទំាងពីរនោះ គឺកំណើនឥណទាន (Credit Growth) និងអត្រាកម្ចីមិនដំណើរការ (Non-performing loan ratio = NPLRs)។ កាលណាកំណើនឥណទានខ្ពស់ ក្នុងន័យម្យ៉ាង វាបង្ហាញពីកម្រិតសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមួយខ្ពស់ដែរ ពោលគឺជាសញ្ញាវិជ្ជមាន។ ផ្ទុយទៅវិញ បើកាលណាកម្រិតអត្រាឥណទានគ្មានគុណផល NPLRs ឡើងកាន់តែខ្ពស់ ជាសញ្ញាបញ្ជាក់ថាមានភាពមិនគាប់ប្រសើរក្នុងសកម្មភាពសេដ្ឋកិច្ចដោយសារអ្នកខ្ចីពីធនាគារគ្មានលទ្ធភាពសងត្រឡប់វិញទាន់ពេលវេលានិងទៀងទាត់ ដែលបង្ហាញអំពីស្ថានភាពជាប់គាំងលំហូរសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនិងសង្គម និងការធ្លាក់ចុះនៃសកម្មភាពអាជីវកម្មក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចប្រទេស។

សម្រាប់ករណីសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ តារាងកំណើនឥណទានបង្ហាញពីតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងកម្រិតអត្រាប្រាក់កម្ចីមិនដំណើរការ (NPLRs) មានការកើនឡើងយ៉ាងខ្ពស់ នៅគ្រប់វិស័យសេដ្ឋកិច្ចធំៗទាំងអស់ រួមទាំងធនាគារពាណិជ្ជ កម្ចីទិញផ្ទះ សំណង់ និងសកម្មភាពអចលនទ្រព្យ នេះបើយោងតាមទិន្នន័យថ្មីៗរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៤​ និងធ្វើបច្ចុប្បន្នភាពដោ​យ CBRE Cambodia ក្នុងបទបង្ហាញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។

កំណើនឥណទានធ្លាក់ចុះគួរឱ្យកត់សម្គាល់

កំណើនឥណទាន ដែលជាសូចនាករសំខាន់សម្រាប់វាស់សុខភាពសេដ្ឋកិច្ច និងទំនុកចិត្តក្នុងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ។ ជាក់ស្តែង ការថយចុះកំណើនឥណទាន នៅក្នុងវិស័យសំណង់ construction បានធ្លាក់ចុះពីកម្រិត ២៥% ក្នុងឆ្នាំ ២០២០ មកនៅប្រហែល ១៥% នៅឆ្នាំ ២០២៣។ ហើយការថយចុះនៃកំណើនឥណទានសម្រាប់សកម្មភាពអចលនទ្រព្យបានធ្លាក់ចុះពី ៣០% ក្នុងឆ្នាំ ២០២១ មកនៅក្រោម ២៥% នៅឆ្នាំ ២០២៣ ហើយកំណើននៃអត្រាប្រាក់កម្ចីបានធ្លាក់ចុះពីជិត ២៥% នៅឆ្នាំ ២០២១ មកដល់ប្រហែលតែ ៥% ប៉ុណ្ណោះ នៅឆ្នាំ ២០២៣ (ប្រភពធនាគារជាតិនៃកម្ពុជា ត្រីមាសទី ១ ឆ្នាំ ២០២៤)។ តួលេខទាំងនេះ បង្ហាញថា ទាំងអាជីវកម្ម និងអ្នករកស៊ីទាំងឡាយ កំពុងស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងការទទួលយកប្រាក់កម្ចីថ្មី ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចផង និងលក្ខខណ្ឌឥណទានដែលកាន់តែមានការរឹតបន្តឹងផងនោះ។ ការធ្លាក់ចុះនេះបង្ហាញពីការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ដោយសារអាជីវកម្មអាចនឹងពន្យារពេលការវិនិយោគ ឬដកផែនការពង្រីកអាជីវកម្ម។

ប៉ុន្តែអត្រាកម្ចីមិនដំណើរការ NPLRs កើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ

ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់អំពីការកើនឡើងនៃអត្រាកម្ចីមិនដំណើរការ NPLRs នៅក្នុងគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ។ ប្រាក់កម្ចីមិនដំណើរការ គឺជាប្រាក់កម្ចីដែលអ្នកខ្ចីមិនធ្វើការទូទាត់តាមកាលវិភាគរបស់ពួកគេ ដែលបង្ហាញពីបញ្ហាហិរញ្ញវត្ថុក្នុងចំណោមអ្នកខ្ចី។ របាយការណ៍ដដែល បានបង្ហាញពីការកើនឡើងនៃអត្រា NPLRs នេះ (ដែលជាសញ្ញាណមិនសូវល្អសម្រាប់សេដ្ឋកិច្ច) ចំពោះអនុវិស័យមួយៗដូចខាងក្រោម៖

  1. ធនាគារពាណិជ្ជ៖ សម្រាប់វិស័យធនាគារពាណិជ្ជ អត្រាកម្ចីមិនដំណើរការ NPLRs បានកើនឡើងយ៉ាងខ្លាំងពីប្រហែល ២% ក្នុងឆ្នាំ ២០២០-២០២១ ដល់ ៥% នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលអាជីវកម្មទូទៅកំពុងជួបប្រទះ។ បញ្ហាគឺនៅត្រង់ថា នៅពេលដែលធនាគារពាណិជ្ជ ដោះស្រាយជាមួយនឹងការកើនឡើងនៃចំនួនប្រាក់កម្ចីដែលខកខានមិនបានសងត្រឡប់តាមការគ្រោងទុក តារាងតុល្យការរបស់ធនាគារទាំងនោះ ត្រូវស្ថិតនៅក្រោមសម្ពាធហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់សមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ពួកគេបន្តទៀត។
  2. កម្ចីដោយដាក់ទ្រព្យបញ្ចាំ (អ៊ីប៉ូតែក)៖ អារម្មណ៍ទីផ្សារអចលនទ្រព្យ ជាពិសេសសម្រាប់វិស័យកម្ចីបែបជាលក្ខណៈអ៊ីប៉ូតែក ក៏កំពុងមានភាពតានតឹងផងដែរ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃអត្រាកម្ចីមិនដំណើរការសម្រាប់វិស័យអ៊ីប៉ូតែក (កម្ចីដោយមានទ្រព្យបញ្ចាំ) ពីក្រោម ១% ក្នុងឆ្នាំ ២០១៩ ដល់ប្រហែល ៣,៥% ក្នុងឆ្នាំ ២០២៣។ និន្នាការកើនឡើងនេះ ចង្អុលឱ្យឃើញពីការលំបាកផ្នែកហិរញ្ញវត្ថុក្នុងចំណោមម្ចាស់ផ្ទះ ដែលអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការកើនឡើងអត្រាការប្រាក់ ឬការធ្លាក់ចុះនៃតម្លៃទ្រព្យសម្បត្តិ។
  3. សម្រាប់វិស័យសំណង់៖ អត្រាកម្ចីមិនដំណើរការ (NPLRs) ក្នុងវិស័យសំណង់ ដែលជារឿយៗត្រូវបានគេរាប់ថាជារង្វាស់ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច បង្ហាញពីការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ ពីក្រោម ២% ក្នុងឆ្នាំ ២០២១ ដល់ជិត ៦% ក្នុងឆ្នាំ ២០២៤។ ការកើនឡើងនេះ អាចមានន័យថា ក្រុមហ៊ុនសំណង់កំពុងជួបបញ្ហាបញ្ចប់គម្រោង និងបញ្ហាលំហូរសាច់ប្រាក់។
  4. សម្រាប់សកម្មភាពអចលនទ្រព្យ៖ អត្រា NPLRs សម្រាប់សកម្មភាពអចលនទ្រព្យដែលគ្របដណ្តប់លើការអភិវឌ្ឍន៍ និងការលក់អចលនទ្រព្យ ក៏កំពុងមានកើនឡើងខ្ពស់ផងដែរ គឺចាប់ពីប្រហែល ១,៥% ក្នុងឆ្នាំ ២០២១ ដល់ប្រហែល ៥% ក្នុងឆ្នាំ ២០២៣។ ការកើនឡើងនេះ អាចបណ្តាលមកពីការលក់អចលនទ្រព្យធ្លាក់ចុះ និងការធ្លាក់ចុះតម្លៃអចលនទ្រព្យ ដែលប៉ះពាល់ដល់សមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ ដើម្បីយកទៅដោះស្រាយបំណុលរបស់ពួកគេ។

ផលប៉ះពាល់ចំពោះសេដ្ឋកិច្ច

ការរួមបញ្ចូលគ្នានៃការធ្លាក់ចុះនៃកំណើនឥណទាន ខណៈ អត្រា NPLRs បែរជាមានការកើនឡើងទៅវិញនេះ បង្ហាញឱ្យឃើញច្បាស់ពីទិដ្ឋភាពវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤។ នៅពេលដែលអាជីវកម្មប្រឈមមុខនឹងភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងកាត់បន្ថយលទ្ធភាពទទួលបានឥណទាន កំណើនសេដ្ឋកិច្ចអាចធ្លាក់ចុះបន្ថែមទៀត។ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ ដែលជាវិស័យធំៗពីរដើរតួសំខាន់សម្រាប់ការផ្តល់ការងារ និងសកម្មភាពសេដ្ឋកិច្ច ហើយការប្រឈមរបស់វិស័យទាំងពីរនេះ នឹងអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចប្រទេសទាំងមូលថែមទៀតផង៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]