អ្នកជំនាញ៖ ខេត្តព្រះសីហនុនឹងមានសន្ទុះលឿនជាងមុន ៥ដង ក្រោយស្ថានភាពសេដ្ឋកិច្ចនឹងនរ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនបានវិភាគថា ភាពស្ងប់ស្ងាត់នៃការវិនិយោគនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គ្រាន់តែជាការអស់ខ្យល់នៃរលកវិនិយោគទីមួយប៉ុណ្ណោះ ប៉ុន្តែរលកវិនិយោគទីពីរ និងទីបី ពីប្រទេសចិននឹងហូរចូលមកឆាប់ៗ ក្នុងទ្រង់ទ្រាយធំ និងមានគុណភាពជាងមុន ពោលគឺ ចរន្តវិនិយោគខេត្តនេះទៅអនាគត អាចស្ទុះលឿនជាងមុន ៥ដង។

អ្នកជំនាញបានឱ្យដឹងដូច្នេះ ក្នុងវេទិកាពិភាក្សាស្ថានភាពអចលនទ្រព្យ ដែលរៀបចំឡើងដោយសមាគមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុនៅកម្ពុជា (CVEA) កាលពីព្រឹកថ្ងៃទី ២០ ឧសភា នេះ។

លោក លឹម សុជាតិ ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ការរីកចម្រើនរបស់កំពង់សោមគឺឋិតនៅកម្រិតដំបូង ឬ រលកទី ១ របស់អ្នកវិនិយោគចិននៅឡើយទេ។ រលកទី១ នេះទៀតសោត គឺផ្ដោតលើវិស័យទេសចរណ៍ រួមមានគម្រោងវិនិយោគសណ្ឋាគារ និងកាស៊ីណូជាដើម។

«បច្ចុប្បន្នការវិនិយោគប្រភេទនេះ អាចនឹងស្ងប់ស្ងាត់ក៏ពិតមែន។ តែបើយើងមើលលើផែនការជារួមរបស់ប្រទេសចិន និងរបស់រដ្ឋាភិបាលកម្ពុជាវិញ ក្រុងព្រះសីហនុត្រូវបានតម្រង់ទិសឱ្យទៅជាប៉ូលនៃវិស័យឧស្សាហកម្មមួយថែមទៀត»។

«បើធ្វើដំណើរពីភ្នំពេញទៅកំពង់សោម ខាងស្ដាំផ្លូវជាតិលេខ ៤ រដ្ឋាភិបាលទុកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឧស្សាហកម្ម។ ដោយឡែកប៉ែកខាងឆ្វេងដៃ ចាប់ពីរាមទៅ រដ្ឋទុកសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍» លោកបន្ត។

លោកសង្កត់ធ្ងន់ថា បើមើលចក្ខុវិស័យវែងឆ្ងាយ អ្វីដែលកំពុងកើតឡើងនៅកំពង់សោមពេលនេះ គឺគ្រាន់តែជាចំណុចដំបូងប៉ុណ្ណោះទេ។ រលកវិនិយោគទី២ និង ទី៣ នឹងមកឆាប់ៗ។ ដូច្នេះ ខ្ញុំគិតថាកំពង់សោម នឹងរីកចម្រើនជាងស្ថានភាពបច្ចុប្បន្នមិនក្រោម ៥ដងទេ ក្នុងពេលដ៏ខ្លីខាងមុខនេះ»។

ដូចគ្នានេះដែរ លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. ក៏បានព្យករទៀតថា ក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់ អាចថានៅឆ្នាំ២០២២ ខាងមុខនេះ នឹងមានវិនិយោគិន ក្នុងវិស័យធំៗ៤ ចាប់ផ្ដើមចូលមកកំពង់សោមវិញ។

«ហេដ្ឋារចនាសម្ព័នរបស់យើងចាប់ផ្តើមសម្បូរបែបជាងមុន ផ្លូវ កំពង់ផែ ព្រលានយន្តហោះ ឧស្សាកម្មប្រេង តំបន់សេដ្ឋកិច្ចពិសេសធំៗទាំង ៣ ដែលមានរោងចក្រជាច្រើន ឆ្នេរខ្សាច់ និងកោះមិនទាន់កែឆ្នៃជាដើម ដែលនេះសុទ្ធសឹងតែជាសក្ដានុពលទាក់ទាញអ្នកវិនិយោគ។ ខ្ញុំគិតថាកំពង់សោមនឹងកើនឡើងខ្លាំងណាស់នៅពេលអនាគត»។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញធ្លាប់ឱ្យនិយមន័យវិបត្តិសេដ្ឋកិច្ចនៅខេត្តព្រះសីហនុបច្ចុប្បន្នថា ជាការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ហើយតាមសុភាសិតខ្មែរគឺ ពិបាកមុន ស្រណុកក្រោយ។ (អានបន្ថែម)

ឧកញ៉ា ហាន់ ឃាង អនុប្រធានទី១ នៃសមាគមអ្នកសាងសង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Muhibbah Engineering (កម្ពុជា) ធ្លាប់បានឱ្យដឹងថា គោលនយោបាយបិទហ្គេមអនឡាញគឺជាការចម្រាញ់អ្នកវិនិយោគ ពោលគឺច្រានអ្នកវិនិយោគដែលខ្វះគុណភាពចេញ និងស្រូបយកអ្នកវិនិយោគដែលមានគុណភាពចូលមកវិញ។

ជាក់ស្ដែង រដ្ឋាភិបាលវិញក៏កំពុងធ្វើការយ៉ាងសកម្មតាមផែនការផងដែរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ ក្នុងគោលបំណងធ្វើឱ្យខេត្តនេះក្លាយជាស៊ិនជិនទី២ ឱ្យបាន។ (អានបន្ថែម)

- Video Advertisement -