អ្នកជំនាញ៖ តំបន់៤កន្លែងនៅកម្ពុជាកំពុងរីកចម្រើនផ្នែកសំណង់ខ្លាំងក្នុងឆ្នាំ ២០១៩
តាមការបាន់ប្រមាណរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការអភិវឌ្ឍន៍វិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ គឺនឹងមានការកើនឡើងខ្លាំងជាងឆ្នាំ ២០១៨ ដែលក្នុងនោះ អ្នកជំនាញផ្នែកវិស័យនេះបានឲ្យដឹងថា មានតំបន់៤កន្លែងនៅកម្ពុជាកំពុងមានសន្ទុះខ្លាំង។
ជាមួយនឹងការរីកចម្រើននៃការវិនិយោគសំណង់ដែលមានទឹកប្រាក់ជាង ២.៧ ពាន់លានដុល្លារត្រឹម៥ខែដំបូងនៃឆ្នាំ ២០១៩ លោក សន សៀប អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate បានឲ្យដឹងថា តំបន់ចំនួន៤ គឺខេត្តព្រះសីហនុ ក្រុងបាវិត ក្រុងបោយប៉ែត និងរាជធានីភ្នំពេញ គឺកំពុងមានការអភិវឌ្ឍន៍ផ្នែកសំណង់យ៉ាងខ្លាំង។
លោកបានឲ្យដឹងថា៖ «យើងមើលទៅ២០១៩នេះមានការកើនឡើងខ្លាំងមែន បើធៀបជាមួយនឹងឆ្នាំ ២០១៨ ហើយវិស័យសំណង់នេះ យើងឃើញថាសាងសង់គឺច្រើន ជាពិសេស គឺនៅ តំបន់ថ្មី នៅកំពង់សោម បាវិត និង ខាងបោយប៉ែត [និង]នៅភ្នំពេញ»។
លោកបន្តថា៖ « នៅភ្នំពេញយើងមើលទៅវារីកចម្រើនចម្រុះសំណង់ ទាំងខុនដូ ទាំងអូតែល ទាំងអគារការិយាល័យ និងសំណង់ទូទៅ»។
ចំពោះការរីកចម្រើននៅទីក្រុងបាវិត និងបោយប៉ែតវិញ លោក សន សៀប បានឲ្យដឹងថាសំណង់ភាគច្រើនគឺសំដៅដល់សំណង់សម្រាប់បម្រើដល់សេវាកម្មដឹកជញ្ជូន។
លោកថ្លែងថា៖ «បាវិត និងបោយប៉ែត យើងមើលទៅសំណង់ គេធ្វើសម្រាប់ផ្តត់ផ្គង់ទៅដល់ខាងសេវាដឹកជញ្ជូន ដែលវាធ្វើឲ្យសំណង់ទាំងអស់នឹងវាកើនឡើង មានទាំងអូតែល មានទាំង ភោជនីដ្ឋាន មកជាមួយដែរ និងរោងចក្រឃ្លាំងជាដើម»។
ក៏ប៉ុន្តែសម្រាប់សំណង់នៅខេត្តព្រះសីហនុវិញ ថ្វីត្បិតតែមានការរីកចម្រើនយ៉ាងគំហុកក៏ពិតមែន លោក សន សៀប យល់ថា វាមិនមានជម្រើសច្រើនសម្រាប់ភ្ញៀវទេសចរនោះទេ។
«បើយើងមើលទៅខាងកំពង់សោមវិញ ការរីកចម្រើនច្រើន ដូចយើងដឹងទាំងអស់គ្នាហើយ ឃើញថាទាំងអូតែល និងកាស៊ីណូ វាមានច្រើនមែនទែន គឺដោយសារតែយើងឃើញថាភ្ញៀវទេសចរចិនមកច្រើន ប៉ុន្តែអត់មានកន្លែងដេក អត់មានកន្លែងកំសាន្តអី អត់មានជម្រើស ចឹងគាត់ធ្វើសម្រាប់ទេសចរចិនភាគច្រើន» លោក សន សៀប យល់យ៉ាងដូចនេះ។

