អ្នកវិភាគ៖ ឆ្នាំ២០២១ទីផ្សារអចលនទ្រព្យអាចនឹងមិនងើបឡើងទេ តែសង្ឃឹមដើមឆ្នាំ២០២២
កាលពីចុងឆ្នាំ ២០២០ អ្នកជំនាញ និងអ្នកវិភាគជាច្រើនបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ច អាចនឹងប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ដោយសារតែព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យការព្យាករណ៍កំណើនត្រូវបានផ្លាស់ប្ដូរទៅដើមឆ្នាំ២០២២ វិញ។
លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម CVEA និងជាអគ្គនាយកក្រុមហ៊ុន Realtor 168 C., Ltd បានឱ្យដឹងថា ជាក់ស្ដែង ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណ ៤% នៅឆ្នាំ២០២១ ហើយវិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថា នឹងងើបឡើងវិញដែរ។
«ប៉ុន្តែការព្យាករណ៍នេះត្រូវបានធ្វើឡើង មុនពេលព្រឹត្តិការណ៍ ២០ កុម្ភៈ កើតឡើង។ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ សកម្មភាពសេដ្ឋកិច្ច និងការទិញលក់អចលនទ្រព្យជាច្រើន ត្រូវបានបង្អាក់មួយកម្រិតធំ»។
លោកបន្តថា ឆ្នាំ២០២១ នេះ យើងមានចំណុចអវិជ្ជមានច្រើនជាងចំណុចវិជ្ជមាន ដែលធ្វើឱ្យទីផ្សារនឹងមិនប្រសើរឡើងខ្លាំងទេ។
«ចំណុចអវិជ្ជមានដែលអាចនឹងបន្តកើតមានក្នុងឆ្នាំ ២០២១ នេះ រួមមាន បញ្ហាការដ្ឋានគម្រោងនានាពន្យារពេលដោយសារកង្វះថវិកា ឬខ្វះសម្ភារៈសំណង់ បញ្ហាគ្មានការងារធ្វើ បញ្ហាកង្វះសមត្ថភាពរបស់អតិថិជនក្នុងការសងបំណុល បញ្ហាកង្វះទំនុកចិត្តរបស់អតិថិជន និងសំខាន់បំផុតគឺបញ្ហាបាត់បង់ចំណែកទីផ្សារបរទេសដែលនៅតែបន្ត»។
យ៉ាងណាក្ដី បើយោងតាមទិន្នន័យនៃការស្រាវជ្រាវដដែល សម្រាប់ឆ្នាំ ២០២២ និង ឆ្នាំ ២០២៣ បើវិបត្តិកូវីដអាចគ្រប់គ្រងបាន បញ្ហាទាំងនោះនឹងត្រូវបានដោះស្រាយ។ ពលរដ្ឋអាចនឹងមានចំណូលឡើងវិញ ដោយសារមានការងារធ្វើ ហើយកម្លាំងទិញក្នុងស្រុកក៏វិជ្ជមានដែរ ដែលនឹងធ្វើឱ្យទីផ្សារប្រសើរឡើង។
ប៉ុន្តែ សម្រាប់ ឆ្នាំ ២០២២ និង ២០២៣ ការវិនិយោគពីបរទេសនៅតែបន្តរងសម្ពាធ ព្រោះការធ្វើដំណើរចេញចូលនៅមិនទាន់បើកទូលាយទេ។
លោក សុជាតិ បន្តថា៖ «យ៉ាងណាមិញ ទីផ្សារខ្មែរយើងគឺរំពឹងលើចិនខ្លាំង ដោយសង្ឃឹមថា ចិនគឺជាក្រុមអ្នកវិនិយោគមុនគេ ដែលនឹងមកកម្ពុជា ក្រោយស្ថានភាពស្ងប់ស្ងាត់បន្តិច»។
ដូចគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL និងលោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. ក៏បានយល់ឃើញថា ទីផ្សារអាចនឹងប្រសើរឡើងនៅឆ្នាំ ២០២២ ផងដែរ។ (អានបន្ថែម)

